រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសដាក់ឱ្យអនុវត្តផ្លូវការផែនការអភិវឌ្ឍន៌ទេសចរណ៌ ឆ្នាំ២០២៦ -២០៣០
AKP ភ្នំពេញ ថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការអភិវឌ្ឍន៍ទេសចរណ៌នៅរាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០។ ផែនការអភិវឌ្ឍន៍ទេសចរណ៌នេះ ធ្វើឡើងដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ រាជធានីភ្នំពេញប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាព សុវត្ថិភាព ភាពកក់ក្តៅ ស្អាត បៃតង និងភាពទាក់ទាញកម្រិតអន្តរជាតិ។
ពិធីប្រកាសផ្សព្វផ្សាយការដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការអភិវឌ្ឍន៍ទេសចរណ៌រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០ បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ ក្រោមអធិបតី ភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញបានកែច្នៃតំបន់ទេសចរណ៍ថ្មីៗជាបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាដើរលេងកំសាន្តនៅរាជធានីភ្នំពេញ។ ជាក់ស្តែងថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឱ្យមានតំបន់ទេសចរណ៍ថ្មីដែលមានភាពទាក់ទាញដល់ឆាកអន្តរជាតិ នោះគឺការបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ (Walk Street )។


ឯកឧត្ដ ឃួង ស្រេង បានបន្តថា ទិសដៅបន្ត គឺច្រាំងទន្លេមុខព្រះបរមរាជវាំង ដែលនឹងត្រូវធ្វើការកែលម្អ ដូចនេះ ផ្លូវថ្មើជើងចតុមុខងរឹតតែមានភាពទាក់ទាញបន្ថែមទៀត។ ជាមួយគ្នានេះ ការបង្កើតឱ្យមានសួនលំហែមួយនៅភាគខាងជើងឈៀងខាងលិច ដែលមានផ្ទៃដី ៧៥ហិកតា ដែលគិតមកដល់ពេលនេះ សួនលំហែថ្មីនេះយើងបានដាំដើមឈើសម្រេចបាន ៨០% ហើយ។ រីឯសួនលំហែលើផ្ទៃដីជាង ៣ហិចតានៅភាគខាងលិចរាជធានីភ្នំពេញ ក៏កំពុងរៀបចំជិតរួចរាល់ហើយដែរ។ ជំហានបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសិក្សាផ្លូវអាទិភាពសម្រាប់រថយន្តក្រុងចូលមកកណ្តាលរាជធានីភ្នំពេញ ដោយជ្រើសរើសផ្លូវអាទិភាពចំនួន ០១ខ្សែដើម្បីសាកល្បង។ យើងគិតថា គម្រោងទាំងអស់នេះ មិនត្រឹមតែកាត់បន្ថយបានការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ តែវាក៏ធ្វើឱ្យទាក់ទាញខ្លាំងដល់វិស័យទេសចរណ៍ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវទុកដាក់វេចខ្ចប់សំរាម សំណល់រឹងឱ្យបានល្អ ដើម្បីឱ្យរាជធានីភ្នំពេញមានអនាម័យ បរិស្ថានល្អ។


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រាជធានីភ្នំពេញ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី បានដឹកនាំ និងដាក់ចេញនូវវិធានការសំខាន់ៗដល់ផ្នែកពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ពិសេសការគាំទ្រដល់យុទ្ធសាស្ត្រ យុទ្ធនាការនានាដែលថ្នាក់ជាតិបានដាក់ចេញ ស្របនឹងការបង្កើតបាននូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត តួយ៉ាង ដូចជាផ្លូវថ្មើរជើងចតុមុខដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ស្របនឹងតម្រូវការជាក់ស្តែង និងបានផ្តល់ឱកាសអាជីវកម្ម រួមទាំងការកម្សាន្តដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញយ៉ាងច្រើនសន្ធឹកសន្ធាប់។
នៅឆ្នាំ២០៣០ រាជធានីភ្នំពេញនឹងប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាព និងភាពទាក់ទាញកម្រិតអន្តរជាតិ មានឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងមានភ្ញៀវទេសចរណ៍មកកម្សាន្តម្តងហើយម្តងទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ឯកឧត្តម ហួត ហាក់ បានបន្តថា ការពង្រឹងសុវត្ថិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងវិស័យទេសចរណ៍ វាជារឿងសំខាន់ក្នុងទាក់ទាញភ្ញៀវទេសចរណ៍ ហើយការងារនេះ រាជធានីភ្នំពេញអនុវត្តបានល្អណាស់។ រាជធានីភ្នំពេញជាច្រកទ្វារទេសចរណ៍មួយដ៏ធំ ពោលគឺដំបូង ភ្ញៀវទេសចរណ៍ត្រូវចូលមកច្រកទ្វាររាជធានីភ្នំពេញ មុនទៅដើរលេងកំសាន្តនៅតំបន់ទេសចរណ៍នៅតាមខេត្តផ្សេងៗទៀត។
ឯកឧត្តម ហួត ហាក់ បានបន្តទៀតថា ការបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ ពិតជាតំបន់ទេសចរណ៍ថ្មីដែលមានភាពទាក់ទាញ ល្បីល្បាញដល់ឆាកអន្តរជាតិ។ ភាពល្បីល្បាញរបស់ផ្លូវថ្មើជើងចតុមុខ គឺដោយសារយើងមានទីតាំងល្អ ជាប់មាត់ទន្លេចតុមុខ នៅខាងមុខព្រះបរមរាជ វាំង ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អ៕
ដោយ៖ សួស សំរិត





