អភិបាលខេត្តប៉ៃលិនចុះពិនិត្យមើលការបង្ករបង្កើនផលដំណាំបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដោយធានាបាននូវតម្លៃទីផ្សារ និងគុណភាព ប្រកបដោយទំនុកចិត្ត
AKP ប៉ៃលិន ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦-- លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលដោយផ្ទាល់ការបង្កបង្កើនផលដំណាំបន្លែ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលធានាបាននូវតម្លៃសមរម្យ និងគុណភាពតាមបែបធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ះពាល់ដល់សុខភាព។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូន ប្រជាកសិករ ទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមាន សុវត្ថិភាព ដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេស ផលិតកសិផលទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក និងនាំចេញ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៏បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់អោយបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ជាសវាងការផលិតដែលគ្មានគុណភាព និងមិនមានទីផ្សារ ហើយ ជាក់ស្តែងបច្ចុប្បន្ននេះ ខេត្តប៉ៃលិន មានក្រុមហ៊ុនជាច្រើន កំពុងទទួលទិញបន្លែផ្លែឈើ និងកសិផលផ្សេងៗទៀត ដើម្បីធ្វើការវេចខ្ចប់ និងសម្ងួត សម្រាប់នាំចេញ យកទៅលក់នៅក្រៅប្រទេស ដូចជាប្រទេសចិន ប្រទេសវៀតណាម សហគមន៍អឺរុប និងសហរដ្ឋអាមេរិកជាដើម។

ក្នុងឱកាសនោះ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជំរុញឱ្យពួកគាត់ បង្កើនការដាំដុះបន្លែសរីរាង្គឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកជំទាវនឹងជួយរកទីផ្សារជូនបងប្អូន៕
ដោយ AKP





