មន្ទីរសាធារណការខេត្តបន្ទាយមានជ័យបង្កើនល្បឿនជួសជុលផ្លូវ និងពង្រឹងសុវត្ថិភាពចរាចរណ៍ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--ដើម្បីធានាបាននូវភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើចរាចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តសកម្មភាពយ៉ាងមមាញឹកក្នុងការជួសជុល និងថែទាំបណ្តាញផ្លូវជាតិ និងផ្លូវខេត្តជាច្រើនខ្សែ ដែលជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងខេត្ត។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំងជំនាញបានចុះអនុវត្តការងារថែទាំប្រចាំ និងការងារជួសជុលខួបយ៉ាងសកម្មតាមបណ្តាស្រុកមួយចំនួន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦៖ ផ្លូវជាតិលេខ៥ (ស្រុកមង្គលបូរី) ក្រុមការងារបានបន្តការងារថែទាំប្រចាំ ចាប់ពីគីឡូម៉ែត្រ ៣៤៤+០០០ ដល់ ៣៤៥+០០០ ដោយធ្វើការកាប់ឆ្ការ និងសម្អាតរុក្ខជាតិនៅសងខាងផ្លូវ ដើម្បីបើកប្រឡោះមើលឃើញ និងបង្កើនសុវត្ថិភាពដល់អ្នកបើកបរ។ ផ្លូវខេត្តលេខ២៦៨A (ស្រុកភ្នំស្រុក) បានបន្តជួសជុលចន្លោះគីឡូម៉ែត្រ ៣៨+៣០០ ដល់ ៣៨+៤០០ ដោយចាក់ថ្មម៉ិច កៀរ និងកិនបង្ហាប់ឱ្យបានរឹងមាំឡើងវិញ។ ផ្លូវខេត្តលេខ១៥៩C (ស្រុកមង្គលបូរី)ស្តារស្រទាប់ផ្លូវប្រេះស្រុត ចាប់ពីគីឡូម៉ែត្រ ៤+២០០ ដល់ ៤+៥០០ ដោយបាញ់ស្រោចកៅស៊ូ និងបាចថ្មមួយជាន់ពីលើ ដើម្បីការពារកុំឱ្យផ្លូវខូចខាតកាន់តែធ្ងន់ធ្ងរ។ ផ្លូវខេត្តលេខ១៥៦C (ស្រុកមង្គលបូរី) អនុវត្តការងារជួសជុលខួប ចាប់ពីគីឡូម៉ែត្រ ១+៤០០ ដល់ ១+៧០០ ដោយធ្វើការកៀរសម្រួលផ្ទៃផ្លូវឱ្យបានរលូន និងងាយស្រួលធ្វើដំណើរ។

បន្ថែមលើការងារហេដ្ឋារចនាសម្ព័ន្ធ លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងនគរបាលចរាចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ ចុះយុទ្ធនាការផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ដោយផ្ទាល់នៅតាមដងផ្លូវជាតិ និងតាមគ្រឹះស្ថានសិក្សា។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សិស្សានុសិស្ស និងសាធារណជន ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាបបំផុត។

លោក សុក ចាន់ថា បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការយោគយល់អធ្យាស្រ័យ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ៕

ដោយ ឈុន សារ៉ាត





