ឯកឧត្តម វ៉ី សំណាង ចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវរដូវវស្សាជាង៥០០ហិកតានៅស្រុកសំរោង
AKP តាកែវ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ស្រុក-ឃុំ-ភូមិ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវស្ថានភាពស្រូវរដូវវស្សារបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបប្រទះបញ្ហាគ្រោះរាំងស្ងួត ខ្វះខាតទឹកស្រោចស្រព។

ឯកឧត្តម វ៉ី សំណាង បានផ្ដល់ប្រេងម៉ាស៊ូតចំនួន៣០០លីត្រដល់ស្ថានីយបូមទឹក២កន្លែង គឺស្ថានីយបូមទឹកភូមិពន្សាំង និងស្ថានីយបូមទឹកភូមិតាម៉ៅ ដើម្បីអត្តរាគមន៍បូមទឹកបូមទឹក សង្គ្រោះស្រូវរដូវវស្សារបស់កសិករជាង៥០០ហិកតា។ ការចុះអន្តរាគមន៍នេះធ្វើឡើងនៅក្នុងភូមិពន្សាំងនិងភូមិតាម៉ៅឃុំជើងគួនស្រុកសំរោងខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះចុះអន្តរាគមន៍ដោយផ្ទាល់ដល់ទីតាំងការដ្ឋានបូមទឹកនាពេលនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ-ភូមិ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងចុះតាមដានជាប្រចាំ នូវសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវជូនប្រជាពលរដ្ឋ។ដោយមិនត្រូវបណ្តែតបណ្តោយ ឱ្យស្រូវរបស់ប្រជាកសិករខូចខាតដោយសារខ្វះទឹកឡើយ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានសម្រេចឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន៣០០លីត្រ ភ្លាមៗ ដើម្បីដំណើរការម៉ាស៊ីនបូមទឹក សង្គ្រោះផលដំណាំស្រូវឱ្យបានទាន់ពេលវេលា។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា សុខទុក្ខ និងផលដំណាំរបស់ប្រជាកសិករ គឺជាអាទិភាពចម្បងរបស់រដ្ឋបាលខេត្ត។អាជ្ញាធរស្រុក-ឃុំ-ភូមិ មន្ទីរធនធានទឹក និងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការក្តាប់ ស្ថានភាពទឹកតាមប្រភពនានា និងត្រូវត្រៀមលក្ខណៈអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវរដូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ទោះក្នុងតម្លៃណាក៏ដោយ គឺមិនត្រូវទុកឱ្យស្រូវរបស់ប្រជាពលរដ្ឋណាមួយ ត្រូវខូចខាតដោយសារខ្វះទឹកស្រោចស្រពនោះឡើយ។

សូមបញ្ជាក់ជូនថា ស្ថានីយបូមទឹកទាំង ២កន្លែង គឺស្ថានីយបូមទឹកភូមិពន្សាំង និងស្ថានីយបូមទឹកភូមិតាម៉ៅ មានតួនាទីយ៉ាងសំខាន់ក្នុងការបូមទឹក បែងចែកទឹកស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាសរុប៥១៤ហិកតា ជូនដល់ប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ៕
ដោយ អ៊ុច សៀង





