សម្តេចព្រះមហាសង្ឃរាជយាងជាព្រះរាជអធិបតីក្នុងពិធីវេរទៀនព្រះវស្សាព្រះរាជទ្រព្យ ប្រគេនព្រះសង្ឃនៅក្រុងប៉ោយប៉ែត
AKPបន្ទាយមានជ័យថ្ងៃទី១៦ខែសីហាឆ្នាំ២០២៦---
ពិធីបុណ្យចូលព្រះវស្សាដ៏មានអត្ថន័យជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនា បានប្រារព្ធឡើងយ៉ាងឱឡារិក និងប្រកប ដោយបរិយាកាសដ៏មានសិរីសួស្តី នៅឯទីអារាម វត្តជិនវ័នសីមារាម (ហៅវត្តម៉ុង ចិន) ដែលមានទីតាំងស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ។

ពិធីដ៏មហោឡារិកនេះ បានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងជាព្រះរាជអធិបតីដ៏ឧត្តុង្គឧត្តម ដើម្បីវេរថ្វាយ និងប្រគេនទៀនព្រះវស្សាព្រះរាជទ្រព្យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងទីអារាមនេះ។
ទៀនព្រះវស្សាដ៏វិសេសវិសាលនេះ គឺជា ព្រះរាជទ្រព្យ ផ្ទាល់របស់ ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដោយស្ម័គ្រស្មោះ ដើម្បីទ្រទ្រង់ដល់ព្រះពុទ្ធសាសនា និងឧបត្ថម្ភដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងតំបន់ព្រំដែននៃប្រទេសកម្ពុជា។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ ស ម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ ព្រះអង្គបានមានព្រះរាជបន្ទូលសង្ឃដីកា និងផ្ញើសារព្រះរាជធម៌ទេស នាប្រកបដោយអត្ថន័យអប់រំ និងក្ដីមេត្តាករុណាដ៏ជ្រាលជ្រៅ។
ព្រះរាជបន្ទូលសង្ឃដីកាដ៏មានអត្ថន័យជ្រាលជ្រៅ"ការយាងមកដល់ទីអារាមវត្តជិនវ័នសីមារាម (ម៉ុង ចិន) នារដូវកាលចូលព្រះវស្សានាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាមជ្ឈមណ្ឌលនៃការអប់រំសីលធម៌ ចរិយាធម៌របស់សង្គមជាតិយើង។
ទៀនព្រះវស្សាព្រះរាជទ្រព្យ ដែលបានវេរថ្វាយ និងប្រគេននាថ្ងៃនេះ មិនមែនត្រឹមតែជារូបវត្ថុសម្រាប់បំភ្លឺក្នុងទីវត្តអារាមប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាតំណាងឱ្យពន្លឺនៃបញ្ញាញាណ សេចក្តីសុខសាន្ត សាមគ្គីភាព និងការបួងសួងសុំសេចក្តីសុខចម្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ព្រមទាំងប្រជារាស្រ្តជាកូនចៅចំណុះជើងវត្តទាំងអស់ផងដែរ។ ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃ គឺជាកិច្ចវត្តដ៏សំខាន់ក្នុងការសិក្សាព្រះធម៌វិន័យ តម្កល់ចិត្តឱ្យនឹងនរ និងបណ្តុះបណ្តាលកុសលធម៌ ដូច្នេះការឧបត្ថម្ភទ្រទ្រង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សា គឺការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានូវអាយុជីវិតព្រះពុទ្ធសា សនាឱ្យស្ថិតស្ថេរចិរការណ៍តរៀងទៅ។"

ពិធីដង្ហែទៀនព្រះវស្សាព្រះរាជទ្រព្យនេះ បានទាក់ទាញវត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តក្នុងក្រុងប៉ោយប៉ែត។ បរិយាកាសក្នុងពិធីនោះពោរពេញទៅដោយក្តីរំភើបក្រៃលែង និងមោទនភាពជាទីបំផុត ដែលបានទទួលនូវព្រះរាជឧបត្ថម្ភដ៏ថ្លៃថ្លាពីអង្គព្រះម ហាក្សត្រ និងវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសង្ឃរាជ។
កិច្ចដំណើរការនៃពិធីបុណ្យចូលព្រះវស្សានេះ មិនត្រឹមតែបំពេញតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចងក្រងនូវសាមគ្គីភាព រវាងព្រះរាជបល្ល័ង្ក ព្រះសង្ឃ និងប្រជានុរាស្ត្រគ្រប់ទិសទី ឱ្យស្ថិតស្ថេរក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាដរាបតរៀងទៅ៕
ដោយ៖ឈុនសារ៉ាត





