អភិបាលខេត្តប៉ៃលិនចុះពិនិត្យមើលការបង្កបង្កើនផលដំណាំបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដោយធានាបាននូវតម្លៃទីផ្សារ និងគុណភាពប្រកបដោយទំនុកចិត្ត
AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦–
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារចុះពិនិត្យមើលដោយផ្ទាល់ការបង្កបង្កើនផលដំណាំបន្លែ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលធានាបាននូវតម្លៃសមរម្យ និងគុណភាពតាមបែបធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។

ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទាំងបរិមាណ និងគុណភាពទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។
លោកជំទាវអភិបាលខេត្តបានឱ្យដឹងថា នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុកតាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករបង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀតក្នុងការផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារក្នុងតម្លៃមួយសមរម្យ ជៀសវាងការផលិតដែលគ្មានគុណភាព និងមិនមានទីផ្សារ។ ជាក់ស្តែងបច្ចុប្បន្ននេះ ខេត្តប៉ៃលិនមានក្រុមហ៊ុនជាច្រើនកំពុងទទួលទិញបន្លែផ្លែឈើ និងកសិផលផ្សេងៗទៀតដើម្បីធ្វើការវេចខ្ចប់ និងសម្ងួតសម្រាប់នាំចេញយកទៅលក់នៅក្រៅប្រទេសដូចជា ប្រទេសចិន វៀតណាម សហគមន៍អឺរុប និងសហរដ្ឋអាមេរិកជាដើម។

ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជម្រុញឱ្យពួកគាត់បង្កើនការដាំដុះបន្លែសរីរាង្គឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារលោកជំទាវនឹងជួយរកទីផ្សារជូនបងប្អូន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន)





