សហជីព និងកម្មករកោតសរសើរពីការធ្វើការរបស់មន្ត្រីជំនាញក្រសួងការងារ ធ្វើការលឿនរហ័ស មានប្រសិទ្ធភាព និងធ្វើការមិនគិតយប់ថ្ងៃ និងថ្ងៃសម្រាក
AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦---
សហជីព និងកម្មករនិយោជិត បានកោតសរសើរចំពោះការបំពេញការងាររបស់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែចុះសម្របសម្រួល និងដោះស្រាយបញ្ហារបស់បង ប្អូនកម្មករនិយោជិតបានយ៉ាងលឿនរហ័ស មានប្រសិទ្ធភាព និងបន្តបំពេញការងារមិនគិតយប់ថ្ងៃ និងថ្ងៃសម្រាក ដើម្បីរកដំណោះស្រាយជូនភាគីពាក់ព័ន្ធឱ្យបានទាន់ពេលវេលា។

ការលើកឡើងនេះ បានធ្វើឡើងស្របពេលដែលមន្ត្រីជំនាញរបស់ក្រសួង បានបន្តចុះអន្តរាគមន៍នៅតាមរោងចក្រ និងសហគ្រាសនានា ដើម្បីសម្របសម្រួល ដោះស្រាយបញ្ហានានា ស្តាប់កង្វល់របស់បងប្អូនកម្មករនិយោជិត និងនិយោជក ព្រមទាំងជំរុញឱ្យមានការអនុវត្តច្បាប់ការងារដោយសន្តិវិធី និងមានការយោគយល់គ្នារវាងភាគីទាំងអស់។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍ថា មន្ត្រីជំនាញរបស់ក្រសួងការងារ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយឆ្លើយតបបានទាន់ពេលវេលា នៅពេលដែលបងប្អូនកម្មករនិយោជិតមានបញ្ហាអ្វីមួយកើតឡើងនៅតាមរោងចក្រសហគ្រាស។

លោកបានថ្លែងថា៖«អ្វីដែលយើងបានឃើញជាក់ស្តែង គឺមន្ត្រីជំនាញរបស់ក្រសួងបានចុះដល់ទីតាំងភ្លាមៗនៅពេលមានបញ្ហា ដោយមិនរង់ចាំថ្ងៃធ្វើការ ថ្ងៃសម្រាក ឬថ្ងៃបុណ្យទាននោះទេ។ សូម្បីតែយប់ថ្ងៃ ឬថ្ងៃសម្រាក ក៏ពួកគាត់នៅតែបំពេញភារកិច្ច ដើម្បីឱ្យការសម្របសម្រួលកើតមានបានលឿន និងកាត់បន្ថយការអូសបន្លាយបញ្ហាដែលជាផលប្រយោជន៍សម្រាប់ទាំងបងប្អូនកម្មករនិយោជិត និងនិយោជក»។
អ្នកស្រី សុខា លីនដា កម្មកររោងចក្រក្រុមហ៊ុនដុងឌូ ថេកស្ថាយ(ខេមបូឌា) នៅរាជធានីភ្នំពេញបានសង្កេតឃើញថា សកម្មភាពរបស់មន្រ្តីជំនាញនៃក្រសួងការងារ គឺជាលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ការចុះមកជួបកម្មករដោយផ្ទាល់ និងការស្តាប់មតិយោបល់របស់មន្ត្រីជំនាញ បានធ្វើឱ្យកម្មករមានទំនុកចិត្តថា បញ្ហារបស់ពួកគេត្រូវបានយកចិត្តទុកដាក់ខ្ពស់។
អ្នកស្រីបាននិយាយថា៖«នៅពេលមានបញ្ហា យើងឃើញមន្ត្រីក្រសួងមកដល់រោងចក្រយ៉ាងឆាប់រហ័ស ដើម្បីស្តាប់ភាគីទាំងសងខាង និងជួយរកដំណោះស្រាយលឿនៗ។ ការធ្វើការបែបនេះធ្វើឱ្យកម្មករមានអារម្មណ៍ថា មានអ្នកជួយសម្របសម្រួលដោយយុត្តិធម៌ និងទាន់ពេលវេលា»។
រីឯលោក ផល ចិត្រា ជាកម្មករនៅក្រុមហ៊ុន សេឌូណូ អ៊ិនវេសមេន ខេមបូ ហ្វេសិនបានបញ្ជាក់ថា ប្រសិទ្ធភាពនៃការងាររបស់មន្ត្រីជំនាញ បានរួមចំណែកធ្វើឱ្យបញ្ហាជាច្រើនត្រូវបានដោះស្រាយលឿន និងជួយរក្សាបរិយាកាសការងារឱ្យមានស្ថិរភាព។

លោកបាននិយាយថា៖«យើងកោតសរ សើរចំពោះការខិតខំរបស់មន្ត្រីជំនាញ ដែលមិនរង់ចាំម៉ោងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែបានចុះមកដោះស្រាយបញ្ហាទាន់ពេល។ ការធ្វើការបែបនេះជួយឱ្យបញ្ហារបស់ពួកខ្ញុំជាកម្មករមិនអូសបន្លាយ ហើយកម្មករយើងអាចត្រឡប់ទៅធ្វើការវិញដោយមានទំនុកចិត្ត»។
សហជីព និងកម្មករបានសម្តែងការរំពឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរក្សាវិធីសាស្ត្រការងារដែលឆ្លើយតបបានលឿន មានតម្លាភាព និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខដុមរមនា និងការពារផលប្រយោជន៍ស្របច្បាប់របស់ភាគីទាំងអស់៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





