យើងរួមគ្នាធ្វើយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម
AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦--
សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះសហការជាមួយកម្មវិធីជំងឺគ្រុនឈាម នៃមន្ទីរសុខាភិបាល ខេត្តក្រចេះនិងក្រុមការងារ បានដឹកនាំមន្ត្រីប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា មន្ត្រីមន្ទីរសុខាភិបាលខេត្ត មន្ត្រីមណ្ឌលសុខភាពថ្មី អ្នកស្ម័គ្រចិត្តសុខភាពភូមិ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ បានចុះអប់រំផ្សព្វផ្សាយ ការអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម នៅតាមបណ្តាភូមិនានា ក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ការធ្វើយុទ្ធនាការនេះមានគោលបំណងសំខាន់ក្នុងការសម្អាតវត្ថុដែលអាចដក់ទឹកបាន ជាកន្លែងបង្កកំណើតសត្វមូសខ្លាស្របពេល ដែលប្រទេសកម្ពុជាកំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្តៅ (El Niño) ដែលអាចធ្វើឱ្យមានការកើនឡើងនូវចំនួនមូសខ្លា និងជំងឺគ្រុនឈាមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលស្ថានភាពនេះទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម។
ក្រុមការងារបានជំរុញឱ្យក្រុមការងារទាំងអស់ត្រូវចុះផ្ទាល់ តាមខ្នងផ្ទះដើម្បីណែនាំប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការរក្សាអនាម័យបរិស្ថាន។ សកម្មភាពសំខាន់ដែលបានអនុវត្តរួមមាន ការលុបបំបាត់ជំរកមូសខ្លា និងកន្លែងដែលអាចដក់ទឹកបាន ដូចជាសំបកកង់ឡាន ត្រឡោកដូង កែវ ចាន ជ័រស្នោ ក្រឡដែលបោះបង់ចោល ពាង អាង ធុងទឹក ថូផ្កា ចានទ្រជើងតុ ទូ ជាដើម ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសម្រាប់សត្វមូស។

ជាមួយគ្នានេះក្រុមការងារបានក៏បាននាំយកនូវសារអប់រំរបស់ក្រសួងសុខាភិបាល ដែលបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរស្របនឹងពាក្យស្លោក "ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំគ្មានដង្កូវទឹក" ព្រមទាំងអនុវត្តនូវវិធានការអន្តរាគមន៍ ប្រកបដោយភាពទទួលខុសត្រូវ និងស្មារតីខ្ពស់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ លោកបានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទូទៅ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពកុមារ និងសមាជិកគ្រួសារ។

ប្រសិនបើមានរោគសញ្ញា សង្ស័យថាមានជំងឺគ្រុនឈាម ដូចជាគ្រុនក្តៅខ្លាំង ឈឺក្បាល ឈឺខ្លួនប្រាណ ក្អួតចង្អោរ ឬមានស្នាមកន្ទួលក្រហមលើស្បែក ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតឲ្យបានឆាប់រហ័ស ដើម្បីស្វែងរកការពិនិត្យ និងព្យាបាលទាន់ពេលវេលា គឺជារឿងសំខាន់បំផុតដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់អាយុជីវិតដែលអាចកើតឡើងប្រសិនបើការព្យាបាលមានភាពយឺតយ៉ាវ។
ជាលទ្ធផលយុទ្ធនាការបានអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានចំនួន ៦៧នាក់ ចុះបាញ់ថ្នាំសម្លាប់សត្វមូស បានចំនួន ៦៧ខ្នងផ្ទះ និងដាក់ថ្នាំអាប៊ែតបានចំនួន ៣៨៧ ខ្នងផ្ទះ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





