អត្តពលិកហាប់គីដូកម្ពុជា ឈ្នះមេដាយ ៣៥គ្រឿង ក្នុងការប្រកួតជើងឯកអាស៊ី នៅចិន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦–
ក្រុមកីឡាករ កីឡាការិនីហាប់គីដូកម្ពុជា បានបង្ហាញសមត្ថភាពដ៏អស្ចារ្យ និងនាំមកនូវមោទកភាពជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហាប់គីដូអាស៊ី ឆ្នាំ២០២៦ នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន។

លោក គង់ ចាន់ធីណា គ្រូបង្វឹកក្រុមជម្រើសជាតិហាប់គីដូកម្ពុជាបានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ពីទីក្រុងហុងកុង នៅរសៀលថ្ងៃទី១៦ ខែសីហានេះថា អត្តពលិកហាប់គីដូកម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៣៥គ្រឿង ក្នុងនោះមេដាយមាស ១២ គ្រឿង មេដាយប្រាក់ ៩ គ្រឿង និងមេដាយសំរិទ្ធិ ១៤គ្រឿង។

លោក គង់ ចាន់ធីណា បានចាត់ទុកថា នេះជាលទ្ធផលដែលកើតចេញពី ការខិតខំប្រឹងប្រែង ការតស៊ូ វិន័យ និងសាមគ្គីភាពរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក និងក្រុមការងារទាំងមូល ជាពិសេសថ្នាក់ដឹកនាំរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូឧបត្ថម្ភ ដូចជា ឡារីតា - Larryta Bus, Sakura Battery Cambodia, Morgan Group ជាពិសេសការអនុញ្ញាត គាំទ្រពីក្រសួងអប់ យុវជន និងកីឡា ព្រមទាំង NOCC ផងដែរ។
គួរបញ្ជាក់ថា គ្រូបង្វឹក គ្រូជំនួយ អត្តពលិកហាប់គីដូកម្ពុជាសរុប ១៨នាក់ (អត្តពលិក ១៤នាក់) បានចាកចេញពីមាតុប្រទេស នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ហើយតាមការគ្រោងទុក ប្រតិភូកីឡាហាប់គីដូកម្ពុជានឹងវិលត្រឡប់មកដល់មាតុប្រទេសវិញ នៅអាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៧យប់៕
ដោយ ហេង ណាលីន





