សម្ដេចធិបតី៖ គម្រោងលម្ហែបៃតងទេទឹកពុះ នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ចំគោលដៅដែលសហគមន៍ចង់បាន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦–
តាមរយៈសំណេរបង្ហោះតាមបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៦សីហានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្ដេចបានឆ្លៀតពេល សំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

ក្នុងជំនួបនោះ សម្ដេចបានបញ្ជាក់ថា «ការចូលរួមយោបល់របស់សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ គឺដើម្បីធានាថាគម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៏ ចំគោលដៅដែលសហគមន៍ចង់បាន»។

បើតាមសម្ដេចធិបតី ក្រៅពីការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្តង់ដារសេវាកម្មបានច្បាស់លាស់ ក៏នឹងត្រូវផ្តល់ជូនផងដែរ ក្នុងគោលដៅពង្រឹងនិងពង្រីកសក្តានុពលរបស់សហគមន៍ ដើម្បីត្រៀមទទួលអ្នកទេសចរ នាពេលខាងមុខ។ និយាយអោយខ្លី និងសាមញ្ញ គឺ "បង្រៀនសហគមន៍អោយចេះរកស៊ី" ក្នុងវិស័យទេសចរណ៍ ដែលនឹងជួយពង្រឹងភាពជាម្ចាស់របស់សហគមន៍ ក៏ដូចជាអនុញ្ញាតអោយពួកគាត់អាចទាញយកផលប្រយោជន៍ជាអតិបរមាពីការអភិវឌ្ឍន៍នៅហ្នឹងកន្លែង៕
ដោយ៖ គង់ សិរីរ័ត្ន





