កូឡុំប៊ីបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបន្ទាប់ពីគ្រោះរញ្ជួយដី ដោយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ -- កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅទូទាំងភាគខាងលិចប្រទេសកូឡុំប៊ី បានបន្តចូលដល់ថ្ងៃទីពីរកាលពីថ្ងៃអង្គារ ខណៈដែលក្រុមអ្នកសង្គ្រោះបន្ទាន់បានជីកកកាយអគារនិងផ្ទះសម្បែងដែលបានដួលរលំ ចំពេលដែលមានការរំពឹងទុកថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតរបស់ប្រទេសកូឡុំប៊ីក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះអាចកើនឡើង។ គ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័របានវាយប្រហារតំបន់ដាំកាហ្វេរបស់ប្រទេសកូឡុំប៊ីកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦៤នាក់។
គ្រោះរញ្ជួយដីនេះបានធ្វើឱ្យអគារច្រើនជាន់ក្លាយជាគំនរបាក់បែកនៅក្នុងទីក្រុងមួយចំនួន ដូចជាទីក្រុងភើរើរ៉ា និងទីក្រុងកាលី ព្រមទាំងបានបំបែកប៉មមួយនៃវិហារប្រវត្តិសាស្ត្រមួយនៅក្នុងទីក្រុងម៉ានីហ្សាឡេស។
ក្រុមសង្គ្រោះបន្ទាន់ដោយមានជំនួយពីប៉ូលិស ទាហាន និងអ្នកស្ម័គ្រចិត្ត បានធ្វើការពេញមួយយប់ជាមួយឧបករណ៍ជីកកកាយ និងពេលខ្លះដោយដៃទទេរបស់ពួកគេ ដើម្បីស្វែងរកអ្នករស់រានមានជីវិតនៅក្រោមកម្ទេចបាក់បែក។ នៅទីក្រុងកាលីដែលមានប្រជាជនរស់នៅប្រហែល២,២លាននាក់ មានមនុស្សយ៉ាងហោចណាស់ ៨៥នាក់បានស្លាប់។ អគាររាប់សិបខ្នងបានផ្អៀង ឬបំផ្លាញទាំងស្រុង ដែលបង្ខំឱ្យប្រជាជនចេញទៅស្នាក់នៅតាមដងផ្លូវ។
ជាន់ខាងលើជាច្រើននៃមន្ទីរពេទ្យមួយក្នុងទីក្រុង ដែលខ្លះសម្រាប់ការថែទាំកុមារ បានដួលរលំដោយខ្លួនឯង ដែលធ្វើឱ្យអ្នកជំងឺមួយចំនួនជាប់គាំង និងបង្ខំឱ្យអ្នកជំងឺប្រហែល ៦០០នាក់ផ្សេងទៀតត្រូវជម្លៀសទៅមើលថែនៅតាមដងផ្លូវ ដែលពោរពេញទៅដោយកម្ទេចកម្ទី។ នេះបើយោងតាមនាយកមន្ទីរពេទ្យ លោក អៀណេ តូររ៉េស កាស្រ្តូ បានប្រាប់ទូរទស្សន៍ Caracol។
លោកស្រី ខាមេន យ៉ាស្មីន ហ្កាស៊ីអា អាយុ ៤៣ឆ្នាំ ជាអ្នកស្រុកកាលីដែលស្ម័គ្រចិត្តជាមួយក្រុមជួយសង្គ្រោះ បាននិយាយនៅរសៀលថ្ងៃចន្ទថាក្រុមរបស់គាត់បានជួយសង្គ្រោះមនុស្សប្រាំពីរនាក់ចេញពីអគារដែលដួលរលំ ប៉ុន្តែមនុស្សបួននាក់ផ្សេងទៀត និងឆ្កែមួយក្បាលនៅតែជាប់គាំង។
នៅទីក្រុងភើរើរ៉ា រដ្ឋធានីនៃរដ្ឋរីសារ៉ាល់ដា ដែលរងគ្រោះខ្លាំងអាជ្ញាធរបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ៦៦នាក់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





