ឯកឧត្ដម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង» ដើម្បីឱ្យមន្ត្រីរាជការគ្រប់រូបយល់ច្បាស់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង» ដើម្បីធ្វើឱ្យមុខងារ ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីរាជការកាន់តែច្បាស់លាស់ និងបង្កើនប្រសិទ្ធភាពការងារ។ ការដឹកនាំកិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន ដោយមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃអគ្គនាយកដ្ឋានទាំង៥ ដែលស្ថិតក្រោមចំណុះក្រសួងព័ត៌មាន។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនោះ ឯកឧត្ដម នេត្រ ភក្ត្រា បានមានប្រសាសន៍សង្កត់ធ្ងន់លើសារៈសំខាន់នៃការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង ឱ្យបានច្បាស់លាស់ ដើម្បីឱ្យមន្ត្រីគ្រប់រូបយល់ច្បាស់ពីតួនាទី ភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ខ្លួន ស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មីរបស់ក្រសួងព័ត៌មាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា កំណត់មុខតំណែង និងពិពណ៌នាមុខតំណែងនេះគឺសំដៅទៅដល់ការកំណត់នូវកាតព្វកិច្ច និងការទទួលខុសត្រូវរបស់មុខតំណែងនីមួយៗ របស់មន្រ្ដីរាជការ ដែលកំពុងបំពេញការងារតាមតួនាទីរបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងបន្តជំរុញការកែសម្រួលរចនាសម្ព័ន្ធការងារ កំណត់មុខតំណែង និងពិពណ៌នាមុខតំណែងឱ្យមានភាពច្បាស់លាស់ ស្របតាមមុខងារ និងភារកិច្ចរបស់ក្រសួងព័ត៌មាន ដើម្បីពង្រឹងប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគុណភាពនៃការបំពេញការងាររបស់មន្ត្រីរាជការ៕

ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





