មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ រៀបចំពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ដោយលែងកូនត្រីរាប់ពាន់ក្បាល និងជំរុញការអភិរក្សធនធានជលផល
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--ក្នុងគោលដៅបំផុសស្មារតី និងលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីតម្លៃនៃធនធានធម្មជាតិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកអូរជ្រៅ បានរៀបចំពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ដោយបាននាំយកកូនត្រីចម្រុះរាប់ពាន់ក្បាលទៅលែងចូលក្នុងអាងទឹកកន្សែង កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ។

ពិធីដ៏មានអត្ថន័យនេះ ប្រារព្ធឡើងក្រោមវត្តមានដ៏របស់ លោកស្រី អន ស៊ីថា ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោកអភិបាលរងនៃគណៈអភិបាលស្រុកអូរជ្រៅ អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីជំនាញ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ លោកស្រី អន ស៊ីថា បានធ្វើការក្រើនរំលឹក និងជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តរួមគ្នាជាធ្លុងមួយក្នុងការ ការពារ អភិរក្ស និងប្រើប្រាស់ធនធានជលផលប្រកបដោយចីរភាព។ លោកស្រីបានគូសបញ្ជាក់ថា ការថែរក្សាធនធានមច្ឆជាតិមិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយផ្ដាច់មុខនោះទេ ប៉ុន្តែជាភារកិច្ចរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានាបាននូវនិរន្តរភាពសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ និងសន្តិសុខស្បៀង។ «ការរួមគ្នាការពារ និងអភិរក្សធនធានជលផល គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគត ដើម្បីធានាថាជីវភាពរបស់ប្រជាពលរដ្ឋយើងមានការរីកចម្រើន ព្រមទាំងរក្សាបាននូវសមតុល្យប្រព័ន្ធអេកូឡូស៊ីធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ»។

ជាការពិតណាស់ ពិធីអបអរសាទរទិវាមច្ឆាជាតិនេះ មិនត្រឹមតែជាការបំពេញចំនួនស្តុកត្រីក្នុងធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាមួយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ និងអប់រំដល់អ្នកចូលរួមឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពី ការទប់ស្កាត់ការនេសាទខុសច្បាប់ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងអំឡុងពេលត្រីពងកូន គឺជាគ្រោះថ្នាក់ចម្បងដែលបំផ្លាញវិនាសកម្មជលផល។ ការថែរក្សាជម្រកត្រី ការការពារតំបន់អភិរក្ស និងព្រៃលិចទឹក ដែលជាជម្រកសុវត្ថិភាពសម្រាប់ការបន្តពូជរបស់មច្ឆជាតិ។

ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ធនធានជលផលដ៏សម្បូរបែប គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចគ្រួសារ និងសន្តិសុខស្បៀងប្រចាំថ្ងៃរបស់ប្រជាសហគមន៍។
តាមរយៈសកម្មភាពលែងកូនត្រីចម្រុះរាប់ពាន់ក្បាលចូលទៅក្នុងអាងកន្សែងនាពេលនេះ គេរំពឹងថា វានឹងជួយបង្កើនបរិមាណត្រីក្នុងធម្មជាតិឡើងវិញ និងជាការដាស់តឿនស្មារតីយុវជន ក៏ដូចជាប្រជាពលរដ្ឋឱ្យកាន់តែស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានធម្មជាតិនៅមូលដ្ឋានរបស់ខ្លួនឱ្យបានគង់វង្សយូរអង្វែង៕
ដោយ ឈុន សារ៉ាត





