រយៈពេល ១០ថ្ងៃដំបូងនៃខែសីហា ត្រូវបានចាត់ទុកជាថ្ងៃក្តៅបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាកូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ -- សេវាអាកាសធាតុរដ្ឋ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងបានឃើញរដូវក្តៅដ៏ក្តៅបំផុតនៅក្នុងឆ្នាំនេះ ដោយសីតុណ្ហភាពជាមធ្យមទូទាំងប្រទេសដោយមិនរាប់បញ្ចូលកោះជេជូ មានការឡើងដល់ ២៩,១អង្សាសេ ក្នុងរយៈពេល ១០ថ្ងៃដំបូងនៃខែសីហា ដែលជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានឱ្យដឹងថា សីតុណ្ហភាពនេះស្មើនឹងមធ្យមភាគ ១០ថ្ងៃនៃខែសីហា ឆ្នាំ២០១៨ ដែលធ្វើឱ្យវាក្លាយជារយៈពេល ១០ថ្ងៃដំបូងនៃខែសីហាដ៏ក្តៅបំផុតក្នុងរយៈពេល ៥៣ឆ្នាំកន្លងមកចាប់តាំងពីឆ្នាំ១៩៧៣ នៅពេលដែលបណ្តាញសង្កេតអាកាសធាតុត្រូវបានពង្រីកនៅទូទាំងប្រទេស។
រដ្ឋបាល KMA បាននិយាយថា សីតុណ្ហភាពអតិបរមាប្រចាំថ្ងៃជាមធ្យមក្នុងរយៈពេល ១០ថ្ងៃដំបូងនៃខែនេះ គឺ ៣៤,៤អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតទីពីរបន្ទាប់ពីសីតុណ្ហភាព ៣៤,៧អង្សាសេ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៨។
សីតុណ្ហភាពអប្បបរមាជាមធ្យមប្រចាំថ្ងៃ ដែលជាសូចនាករនៃកំដៅពេលយប់ គឺ ២៤,៨អង្សាសេសម្រាប់រយៈពេលដូចគ្នា ដែលជាកម្រិតខ្ពស់បំផុតទីបីក្នុងកំណត់ត្រា បន្ទាប់ពីសីតុណ្ហភាព ២៥អង្សាសេ ក្នុងឆ្នាំ២០២២ និង២៤,៩អង្សាសេ ក្នុងឆ្នាំ២០១៨។
សីតុណ្ហភាពខ្ពស់បំផុតដែលបានកត់ត្រាក្នុងរយៈពេល ១០ថ្ងៃ គឺ៤២,៥អង្សាសេ ដែលសង្កេតឃើញនៅក្នុងទីក្រុងយ៉ាំងសាននៅភាគអាគ្នេយ៍ នៅវេលាម៉ោង ០១:២៦នាទីរសៀល ថ្ងៃទី០២ ខែសីហា។ វាក៏ជាសីតុណ្ហភាពខ្ពស់បំផុតដែលត្រូវបានកត់ត្រានៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ១៩០៤ ផងដែរ នៅពេលដែលការសង្កេតឧតុនិយមទំនើបបានចាប់ផ្តើម។ នេះបើយោងតាមរដ្ឋបាល KMA។
សរុបមក សីតុណ្ហភាពអតិបរមាប្រចាំថ្ងៃលើសពី ៤០អង្សាសេ នៅទីតាំងចំនួន៣២ នៅទូទាំងប្រទេសក្នុងរយៈពេល ១០ថ្ងៃដំបូងនៃខែនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





