អ្នកនាំពាក្យក្រសួងព័ត៌មាន៖ការកើនឡើងនៃព័ត៌មានមិនពិត ពិសេសប្រភពពីក្រៅប្រទេស និងចរាចរណ៍ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ទាមទារឱ្យយើងគ្រប់គ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦--- អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ការកើនឡើងនៃព័ត៌មានមិនពិត ពិសេសប្រភពពីក្រៅប្រទេស និងចរាចរណ៍ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ទាមទារឱ្យយើងគ្រប់គ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ឯកឧត្តម ទេព អស្នារិទ្ធអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ព័ត៌មានក្លែងក្លាយមិនត្រឹមតែអាចបង្កភាពវឹកវរក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សន្តិសុខព័ត៌មាន ទំនុកចិត្តសាធារណៈ និងព្យសនកម្មដែលមិនអាចនឹកស្មានដល់។ ការពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ និងការបង្កើនស្មារតីប្រុងប្រយ័ត្នរៀងៗខ្លួន គឺជាវិធានការការពារដ៏មានប្រ សិទ្ធភាពប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ។
ឯកឧត្តមបញ្ជាក់ថា៖
«រួមគ្នាប្រកាន់ខ្ជាប់ឥរិយាបថល្អពេលប្រើបណ្តាញសង្គម ដោយម្នាក់ៗពង្រឹងការទទួលខុសត្រូវ គឺយើងត្រូវប្រុងប្រយ័ត្ន និងសូមផ្ទៀងផ្ទាត់៖
ពិនិត្យប្រភពដើម៖ សូមផ្ទៀងផ្ទាត់ថាតើព័ត៌មានចេញពីស្ថាប័នផ្លូវការ ប្រភពព័ត៌មានដែលមានអាជ្ញាបណ្ណ ឬអ្នកជំនាញច្បាស់លាស់ ឬវាគ្រាន់តែជាគណនីបន្លំ/មិនមានអត្តសញ្ញាណ។
កុំប្រញាប់ចែករំលែក៖ ជៀសវាងការ Share ភ្លាមៗដោយគ្រាន់តែអានចំណងជើងដែលមានលក្ខណៈទាក់ទាញ។ ត្រូវចំណាយបន្តិចដើម្បីអានខ្លឹមសារទាំងមូល និងពិចារណាលើហេតុផលមុននឹងសម្រេចចិត្ត។
ផ្ទៀងផ្ទាត់កាលបរិច្ឆេទ និងរូបភាព៖ ព័ត៌មានចាស់ៗ រូបភាព ឬវីដេអូកាត់ត/ខុសបរិបទ ជារឿយៗត្រូវបានគេយកមកបង្ហោះឡើងវិញដើម្បីបង្វែរដាន ឬបង្កការភ័យខ្លាច។
ប្រៀបធៀបប្រភពច្រើន៖ ពិនិត្យមើលថាតើមានស្ថាប័នព័ត៌មានផ្សេងទៀតដែលយើងទុកចិត្តបាន បានរាយការណ៍អំពីប្រធានបទដូចគ្នានេះដែរឬទេ។
កុំរំជើបរំជួលតាមអារម្មណ៍៖ ព័ត៌មានក្លែងក្លាយភាគច្រើនត្រូវបានបង្កើតឡើងដើម្បីបង្កើតភាពភ័យខ្លាច អារម្មណ៍ខឹងសម្បារ ឬភ្ញាក់ផ្អើលខ្លាំង។ បើយើងជួបព័ត៌មានបែបនេះ ឬស្រដៀងគ្នាដែលជំរុញប្រតិកម្មអារម្មណ៍ សូមផ្អាកបន្តិចសិន ហើយផ្ទៀងផ្ទាត់ជាមុន»៕

ដោយ៖ ប៊ុនរិទ្ធ





