ឯកឧត្តម ខូវ មករា ប្រគល់រង្វាន់នៃការប្រកួតប្រជែងសន្តិសុខសាយប័រឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃ១១ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់នៃការប្រកួតប្រជែងសន្តិសុខសាយប័រចំនួន២ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗ ស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណាឆ្នាំ២០២៦ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សិស្សានុសិស្ស និស្សិត បេក្ខភាពចូលរួមប្រកួត ដៃគូសហការពីស្ថាប័នឯកជន សរុបប្រមាណ ១៥០នាក់ នៅទីស្តីការក្រសួង ក.ប.ទ. កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ក្នុងការប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗ ស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ ឆ្លងតាមការពិនិត្យ ពិភាក្សា និងវាយតម្លៃយ៉ាងហ្មត់ចត់របស់គណៈកម្មការវាយតម្លៃ ក្រសួង ក.ប.ទ. បានជ្រើសរើសស្នាដៃជ័យលាភីចំនួន៣ ដែលមានសារអប់រំច្បាស់លាស់ មានភាពច្នៃប្រឌិត និងមានគុណភាពបច្ចេកទេសល្អ ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដូចជា ជ័យលាភីលេខ១ លោក ថានី សុភឿនមុនី ទទួលបានប្រាក់រង្វាន់ចំនួន ២.០០០.០០០រៀល ជ័យលាភីលេខ២ កញ្ញា ស្រី រ័ត្ន ទទួលបានប្រាក់រង្វាន់ចំនួន ១.០០០.០០០រៀល ជ័យលាភីលេខ៣ កញ្ញា និត សូដានីកា ទទួលបានប្រាក់រង្វាន់ចំនួន ៦០០.០០០រៀល។


ចំពោះការប្រកួតសាយប័រអារីណាឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ៨ម៉ោងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រសួង ក.ប.ទ. បានរកឃើញក្រុមជ័យលាភីចំនួន ៣ក្រុម ដែលទទួលបានប្រាក់រង្វាន់ដូចខាងក្រោម ជ័យលាភីលេខ១ បានទៅលើក្រុម WillHack4Coffee ទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ដុល្លារអាម៉េរិកគត់ ជ័យលាភីលេខ២ បានទៅលើក្រុម NO NAME ទទួលបានប្រាក់រង្វាន់ចំនួន ៧០០ដុល្លារអាម៉េរិកគត់ និងជ័យលាភីលេខ ៣ បានទៅលើក្រុម KHMER BLOOD ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារអាម៉េរិកគត់។ បេក្ខភាពជ័យលាភីចំនួន ៣ក្រុម និងបេក្ខភាពឆ្នើមចំនួន ៣០ក្រុម នឹងត្រូវចូលរួមការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៦ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ការប្រកួតប្រជែងនេះប្រព្រឹត្តទៅដោយមានការគាំទ្រពីក្រសួង ក.ប.ទ. ក្រោមមូលនិធិ ស.អ. និងសហការឧបត្ថម្ភដោយក្រុមហ៊ុន Viettel (Cambodia) PTE. LTD ក្រុមហ៊ុន F5 Network ក្រុមហ៊ុន BYTEDC Solutions Co.,Ltd ក្រុមហ៊ុន Grab ធនាគារឈីហ្វ ក្រុមហ៊ុន POSITRON MULTIVERSE Co.,Ltd ក្រុមហ៊ុន Veilron Technologies និងក្រុមហ៊ុន CHAMPION GROUP។
កម្មវិធីខាងលើទាំងពីរនេះ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងសកម្មរបស់ក្រសួង ក.ប.ទ. ក្នុងការលើកកម្ពស់ការយល់ដឹង អភិវឌ្ឍន៍សមត្ថភាពបច្ចេកទេស ជំរុញភាពច្នៃប្រឌិត និងបង្កើតឱកាសឱ្យមូលធនឌីជីថលកម្ពុជាបានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងវិស័យសន្តិសុខសាយប័រ៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)





