រដ្ឋបាលខេត្តព្រះសីហនុសម្រេចឱ្យនាំចូលសម្ភារៈបរិក្ខារផលិតកម្ម និងវត្ថុធាតុដើម បម្រើឱ្យរោងចក្រចំនួន២ ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ
AKP ព្រះសីហនុ ថ្ងៃ១១ ខែសីហា ឆ្នាំ២០២៦ -- លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ ទៅលើសំណើសុំនាំចូល ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ នូវសម្ភារៈបរិក្ខារផលិតកម្ម និងវត្ថុធាតុដើមបម្រើឱ្យរោងចក្រចំនួន២។
រោងចក្រទាំងពីរនោះ គឺទីមួយ រោងចក្រផលិត និងផ្តុំដំឡើងបរិក្ខារដឹកជញ្ជូនរុញដោយដៃ និងបរិក្ខារសម្រាប់បោះជំរុំ មានទីតាំងស្ថិតនៅក្នុងអគារលេខ K-1 ផ្លូវជាតិលេខ៤ ភូមិអូរចំណារ ក្រុងកំពង់សោម ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន HONGRUNFA (CAMBODIA) MACHINERY CO.,LTD. និងទីពីរ គឺរោងចក្រផលិត កែច្នៃ និងដំឡើងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មានទីតាំងស្ថិតនៅក្បាលដីលេខ A និង B ផ្លូវលេខ៤១ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន SENCE INDUSTRIES (CAMBODIA) CO.,LTD.។
រោងចក្រទាំងពីរខាងលើ ត្រូវបានសុំចុះបញ្ជីលើកទឹកចិត្តពិសេសគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ស្របតាមគោលនយោបាយពិសេសជំរុញការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ខេត្តព្រះសីហនុ រហូតដល់ឆ្នាំ២០២៧៕


ដោយ៖ ងូ សុមុនី





