ក្រសួងអប់រំ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅដោយរលូន សភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦-- ក្រសួងអប់រំ យុវជន និងកីឡាបានអះអាងថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ រយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយរលូន សភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ក្រោមការយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការ អប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសង្កេតការណ៍ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងកិច្ចសហការល្អពីសហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
ក្រសួងបានឱ្យដឹងថា មានករណីល្មើសបទប្បញ្ញត្តិនៃការប្រឡងមួយចំនួន រួមមាន ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកហាមឃាត់ចំនួន ១២ករណីត្រូវបានដកហូត ក្នុងនោះបេក្ខជន ៥ករណី (វ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃ ១ករណី ទូរសព្ទឆ្លាតវៃ ១ករណី និងនាឡិកាឆ្លាតវៃ ៣ករណី) និងគណៈកម្មការ ៧ ករណី (ទូរសព្ទឆ្លាតវៃ ១ករណី និងនាឡិកាឆ្លាតវៃ ៦ករណី) ដោយក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការចំពោះករណីទាំងនេះតាមគោលការណ៍ជាធរមាន។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦នេះ មានបេក្ខជនចុះឈ្មោះសរុប ១៥១ ២៣៨នាក់ ស្រី ៨៤ ៧៣៥នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) បេក្ខជន ថ្នាក់វិទ្យាសាស្ត្រសង្គម ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)។ មណ្ឌលប្រឡងសរុប ២៤៤មណ្ឌល ត្រូវជា ៦ ១០៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៦៨មណ្ឌល ត្រូវជា១ ៥២៦បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម១៧៦ មណ្ឌល ត្រូវជា ៤ ៥៧៨បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានានៅក្នុងដំណើរ ការសំណេរសរុប ៣៣ ៧៤៧នាក់។ បេក្ខជនអវត្តមានសរុប ១ ៣៥២នាក់ (ស្រី ៥០២នាក់) ស្មើនឹង ០,៨៩ភាគរយ ក្នុងនោះ បេក្ខជន ស្វ័យរិនចំនួន ១ ១៤៧នាក់ (ស្រី៤០៧នាក់) និងបេក្ខជនចំណេះទូទៅចំនួន ២០៥នាក់ (ស្រី៩៥នាក់)។ បេក្ខជនមានបញ្ហាសុខភាពសរុប ២៦៧នាក់ ក្នុងនោះបេក្ខជនបានបោះបង់ការប្រឡងចំនួន ១៨នាក់ បេក្ខជន បន្តការប្រឡងដាច់ដោយឡែក ៦៥នាក់ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ៦៦នាក់ និងគ្រោះថ្នាក់ ចរាចរណ៍១០នាក់។ ដោយឡែក គណៈមេប្រយោគមានបញ្ហាសុខភាពសរុប ២៥នាក់៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





