ប្រជាពលរដ្ឋ ១.០៥១គ្រួសារនៅក្នុងសង្កាត់ស្ទឹងមានជ័យ ទទួលបានប័ណ្ណមូលនិធិសមធម៌ពីអាជ្ញាធរ
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ — លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចុះចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) និងផ្តល់អំណោយដល់ប្រជាពលរដ្ឋរស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យចំនួន ១.០៥១គ្រួសារ ស្មើនឹងចំនួន ៤.៦៨៤នាក់។ ការចែកប័ណ្ណនៅថ្ងៃនេះ គឺមានចំនួន ៥៥៩ប័ណ្ណ ដោយក្នុងនោះប្រជាពលរដ្ឋចំនួន ២០៤នាក់ ទទួលបានប័ណ្ណថ្មី និងប្រជាពលរដ្ឋចំនួន ៣៥៥នាក់ ទទួលបានការបន្តសុពលភាពប័ណ្ណ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា ប័ណ្ណនេះ គឺសម្រាប់គាំពារសុខភាពដែលជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងជួយសម្រួលដល់ការទៅពិនិត្យព្យាបាលជំងឺនានា ដែលបង្ហាញអំពីការគិតគូរ យកចិត្តទុកដាក់យ៉ាងដិតដល់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជីវភាព សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ។ លោកជំទាវបណ្ឌិត បន្ថែមថា ការជួយគ្រួសារមួយ គឺមិនមែនជួយតែមនុស្សម្នាក់ប៉ុណ្ណោះទេ គឺជួយដល់សមាជិកក្រុមគ្រួសារ ជួយដល់សហគមន៍ ជាពិសេស គឺរួមចំណែកផ្តល់ឱកាសដល់កុមារឱ្យមានការរីកចម្រើនតទៅមុខ។ លើសពីនេះ ប្រជាពលរដ្ឋដែលមានប័ណ្ណ ម.ស.ស នេះ អាចទៅមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ១៤៣កន្លែងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរាប់ពាន់កន្លែងផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីនីតិកាលកន្លងមក ក្រោមការដឹកនាំប្រកបទៅដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បន្តមករហូតដល់នីតិកាលទី៧ ក្រោមការដឹកនាំប្រកបទៅដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគោលការណ៍គាំពារសង្គមចំនួន ៣ គឺ (១)សមធម៌ និងសាមគ្គីធម៌សង្គម (២)សន្តិសុខប្រាក់ចំណាយ និង(៣)សមភាពក្នុងសង្គមជាតិ យើង បានរៀបចំបង្កើត និងបន្តលើកកម្ពស់របបសន្តិសុខសង្គមដើម្បីលើកកម្ពស់សុខុមាលភាពសង្គម សុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។ ក្នុងនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវប័ណ្ណចំនួន ៤ប្រភេទរួមមាន ប័ណ្ណសមាជិក ប.ស.ស - ប័ណ្ណមូលនិធិសមធម៌សុខាភិបាល - ប័ណ្ណសមធម៌ និងប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋរស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានប្រជាពលរដ្ឋរស់នៅ និងទទួលការឧបត្ថមគាំទ្រពីអង្គការមូលនិធិកុមារកម្ពុជាចំនួន ១.០៥១គ្រួសារ ស្មើនឹង ៤.៤៦៨៤នាក់ (ស្រី ១.២២៤នាក់) និងមានកុមារចំនួន ២.០៣៥នាក់។ គិតមកដល់បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញបានសម្របសម្រួលផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនប្រជាពលរដ្ឋដែលរស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជាចំនួន ៤លើក ស្មើនឹងជាង ៤.០០០ប័ណ្ណ។

សព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលទទួលបានអំណោយដ៏ថ្លៃថ្លាពី សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានចំនួន ១.០៥១គ្រួសារ ដោយមានប្រជាពលរដ្ឋចំនួន ៥៥៩នាក់នឹងត្រូវទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាលថ្មី ក្នុងនោះធ្វើថ្មីចំនួន ២០៤ ប័ណ្ណ និងបន្តសុពលភាពចំនួន ៣៥៥ប័ណ្ណ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាលពីសំណាក់រាជរដ្ឋាភិបាល ទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមានដូចជា សេវាពិគ្រោះជម្ងឺ សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលជម្ងឺ ថែទាំ សំរាលកូន នៅតាមមន្ទីររដ្ឋនិងមន្ទីរពេទ្យឯកជនដែលជាដៃគូរ។ គិតត្រឹមពេលនេះ ប្រជាពលរដ្ឋដែលមានប័ណ្ណ ប ស ស ដែលទទួលបានសេវាពិគ្រោះជម្ងឺ ព្យាបាលជម្ងឺ មិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនដែលជាដៃគូរ ចំនួន ១៤៣កន្លែងនៅភូមិសាស្ត្ររាជធានីភ្នំពេញ និងរាប់ពាន់កន្លែងផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សួស សំរិត





