ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារក្នុងខែកក្កដា និងទិសដៅសម្រាប់ខែសីហា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងហានិភ័យក្នុងខែកក្កដា និងទិសដៅសម្រាប់ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើឱ្យមានការចុះត្រួតពិនិត្យជាក់ស្តែងចំពោះផលប៉ះពាល់តាមបណ្តាខេត្តដែលប្រឈម ក៏ដូចជាកងប្រតិបត្តិការរុករក និងសង្គ្រោះ ទៅលើសម្ភារៈ និងឧបករណ៍ប្រើប្រាស់ ដោយសារកងរុករក និងសង្គ្រោះគ្រោះមហន្តរាយនេះជាកងកម្លាំងមានជំនាញក្នុងការចុះប្រតិបត្តិការអន្តរាគមន៍ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ។

ដោយសារបច្ចុប្បន្នស្ថិតក្នុងរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំត្រូវរៀបចំផែនការសកម្មភាពការងារ និងការត្រៀមបម្រុងឱ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាធម្មជាតិនានា៕

ដោយ៖ ណយ នឿន (ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





