ការតាំងពិព័រណ៍ Glagolitic ដែលមានគម្រោងអន្តរជាតិជាង២០០ បើកនៅទីក្រុងសូហ្វីយ៉ា
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- គម្រោងច្នៃប្រឌិតជាង២០០សម្រាប់បុគ្គល និងក្រុមមកពីប្រទេសចំនួនប្រាំបួន ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍អន្តរជាតិដែលមានចំណងជើងថា With Glagolitic Script Around the World ដែលធ្វើពិធីបើកនៅវេលាម៉ោង ១១:៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យុជាតិប៊ុលហ្គារី (BNR) ក្នុងទីក្រុងសូហ្វីយ៉ា។ នេះបើយោងតាមទីភ្នាក់ងារប្រតិបត្តិសម្រាប់ជនជាតិប៊ុលហ្គារីនៅបរទេស (EABA) ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន BTA។
ពិព័រណ៍នេះ គឺជាផ្នែកមួយនៃគម្រោងវិទ្យាសាស្ត្រ និងសិល្បៈអន្តរជាតិដែលស្វែងយល់ពីអក្សរ Glagolitic ជានិមិត្តរូបនៃស្មារតីប៊ុលហ្គារី ការចងចាំវប្បធម៌ និងអត្តសញ្ញាណ។ វាមានស្នាដៃរបស់សមាជិកនៃសហគមន៍ប៊ុលហ្គារីនៅតួកគី ដាណឺម៉ាក ក្រិក ចក្រភពអង់គ្លេស អ៊ីតាលី អៀរឡង់កាណាដា និងសហរដ្ឋអាមេរិក ក៏ដូចជាសិស្ស និងវិចិត្រករមកពីប៊ុលហ្គារី។
កុមារ និងយុវជនមកពីបណ្តាសាលារៀន និងសហគមន៍ប៊ុលហ្គារីនៅបរទេសស្ថិតក្នុងចំណោមអ្នកចូលរួមក្នុងពិធីនោះ។ ពិព័រណ៍នេះត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយ លោក មីរ៉ា កូប៉ាណារ៉ូវ ដែលជាវិចិត្រករប៊ុលហ្គារីមកពីទីក្រុងតូរ៉ុនតូរបស់ប្រទេសកាណាដា។
ទីភ្នាក់ងារ EABA បាននិយាយថា ជាមួយនឹងពិព័រណ៌ Glagolitic Script Around the World ការបង្ហាញអក្សរ Glagolitic ជានិមិត្តរូបដ៏រស់រវើក ដែលភ្ជាប់ជនជាតិប៊ុលហ្គារីឆ្លងកាត់ជំនាន់នីមួយៗ។ ការតាំងពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពី BNR និងដោយមានការគាំទ្រផ្នែកសិក្សាពីមជ្ឈមណ្ឌលស្រាវជ្រាវ Cyrillo-Methodian នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រប៊ុលហ្គារី៕





