អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពនាពេលអនាគត
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (AHMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងកូឡាឡាំពួរ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៦ ដែលត្រូវបានគេរំពឹងថានឹងជួយអាស៊ានក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសុខាភិបាលក្នុងតំបន់។
កិច្ចប្រជុំទាំងនេះមានការចូលរួមដោយរដ្ឋមន្ត្រីសុខាភិបាល មន្ត្រីជាន់ខ្ពស់ និងដៃគូអន្តរជាតិ ក្រោមប្រធានបទ «អាស៊ានមានសុខភាពល្អ៖រួមគ្នាឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ និងត្រៀមខ្លួនសម្រាប់អនាគត»។ ក្រសួងសុខាភិបាលម៉ាឡេស៊ី បាននិយាយថា ការជួបជុំគ្នានេះ គឺជាដំណាក់កាលថ្មីមួយនៅក្នុងការទូតសុខាភិបាលរបស់ប្រទេស ដោយមានការសង្កត់ធ្ងន់កាន់តែខ្លាំងទៅលើការប្រែក្លាយពីកិច្ចពិភាក្សាគោលនយោបាយ និងគំនិតផ្តួចផ្តើម ទៅជាលទ្ធផលជាក់ស្តែង។
ព្រឹត្តិការណ៍នៅឆ្នាំនេះ ក៏ជាកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក និងអាស៊ាន-ជប៉ុនជាលើកដំបូងផងដែរ ដោយពង្រីកការពិភាក្សាលើសពីកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីក៏កំពុងត្រូវបានធ្វើឡើងជាមួយប្រទេសចិនសាធារណរដ្ឋកូរ៉េ និងអង្គការសុខភាពពិភពលោក (WHO) ដែរ ដោយមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងពង្រីកឱកាសសម្រាប់ការវិនិយោគលើការថែទាំសុខភាពក្នុងតំបន់។
កិច្ចប្រជុំទាំងនេះធ្វើឡើងក្នុងចំណោមតម្រូវការកើនឡើងសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងដែនលើសន្តិសុខសុខភាព ជំងឺឆ្លងថ្មីៗ និងប្រព័ន្ធថែទាំសុខភាពដែលមានភាពធន់។
ព្រឹត្តិការណ៍សំខាន់មួយ គឺការដាក់ឱ្យដំណើរការនៃរបៀបវារៈសុខភាពយុទ្ធសាស្ត្រអាស៊ាន (ASHA) ឆ្នាំ២០២៦-២០៣០ ដែលនឹងបម្រើជាផែនទីបង្ហាញផ្លូវសុខភាពរបស់តំបន់សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





