៣ប្រកួតថ្នាក់ខេត្ត ពានសម្តេចតេជោ ហ៊ុន សែន ១ក្រុមរកបាន៣ពិន្ទុ ខណៈ៤ក្រុមទៀតចែកគ្នាម្នាក់១ពិន្ទុដូចៗគ្នា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦--ក្រុមភូមិបាលស្រុកថាឡាបរីវ៉ាត់ខេត្តស្ទឹងត្រែងប្រជែងបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះ ព្រះវិហារក្រោន ដោយលទ្ធផល ១-០ ខណៈ២ប្រកួតទៀតសុទ្ធតែរក្សាលទ្ធផលស្មើៗគ្នា នៅក្នុងការប្រកួតបាល់ទាត់ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២៦-២០២៧។

៣ប្រកួតនេះធ្វើឡើង កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦សម្រាប់ជំនួបសប្តាហ៍ទី៣ ដោយក្រុមភូមិបាលស្រុកថាឡាបរីវ៉ាត់ខេត្តស្ទឹងត្រែងប្រកួតជាមួយក្រុមព្រះវិហារក្រោន ជាការប្រកួតសន្សំពិន្ទុក្នុងពូល A ដែលមាន៣ក្រុម។ ឆ្លងកាត់២ប្រកួត ក្រុមភូមិបាលស្រុកថាឡាបរីវ៉ាត់ខេត្តស្ទឹងត្រែង ឈ្នះ២ប្រកួត ទទួលបាន៦ពិន្ទុ ឈរលេខ១។ ចំពោះ២ប្រកួតទៀត គឺក្រុមខេត្តសៀមរាប ១ទល់១ជាមួយក្រុមបន្ទាយមានជ័យ ស្របពេលក្រុមភ្នំដាមហានគរខេត្តតាកែវ និងក្រុមខេត្តកណ្តាលរក្សាលទ្ធផលស្មើគ្នា ៣-៣។

គួរបញ្ជាក់ថា ការប្រកួតថ្នាក់ខេត្តមាន១៩ក្រុមតំណាងរាជធានីខេត្ត បានចូលរួមប្រកួតប្រជែង ដោយចែកចេញជា៥ពូល ដោយត្រូវដំណើរការប្រកួតពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមជ័យលាភីឡើងទៅប្រកួតថ្នាក់ជាតិជាមួយក្រុមឈរជើងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ១១ក្រុម។ អ្វីកាន់តែពិសេសសម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលថ្មីនេះ គឺក្រុមជ័យលាភីថ្នាក់ខេត្តអាចនឹងប្រកួតជម្រុះជាមួយក្រុមលីគលំដាប់ទី២ មុនជ្រើសរើសបេក្ខភាពក្រុមខ្លាំងៗទៅប្រកួតថ្នាក់ជាតិ៕

ដោយ ហេង ណាលីន (រូបភាព៖ Hun Sen Cup)





