មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការស្រាវជ្រាវបានរកឃើញថាសិស្សស្រីទទួលបានលទ្ធផលសិក្សាល្អជាងសិស្សប្រុស
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវបានរកឃើញថា គម្លាតនៃលទ្ធផលសិក្សារវាងសិស្សស្រី និងសិស្សប្រុសមានភាពខុសគ្នាច្រើន។ ជាក់ស្ដែង លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាលទ្ធផលតេស្តអន្តរជាតិ SEA-PLM និង PISA ក៏បង្ហាញថាសិស្សស្រីទទួលបានលទ្ធផលសិក្សាល្អជាងសិស្សប្រុសផងដែរ។

ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលស្រាវជ្រាវស្ដីពី "ការកាត់បន្ថយគម្លាតយេនឌ័រលើលទ្ធផលសិក្សាតាមរយៈការអនុវត្តស្ដង់ដាសាលារៀនគំរូ" រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត ដោយមានសមាសភាពចូលរួមពីមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រង និងគ្រូបង្រៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ នៅខេត្តគោលដៅចំនួន៥ គឺខេត្តបន្ទាយមានជ័យ ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ និងកំពង់ធំ សរុបចំនួន ៧៤នាក់ ស្រី ២៣នាក់ ។

ក្នុងគោលបំណងពិនិត្យផ្ទៀងផ្ទាត់លទ្ធផលការសិក្សាស្រាវជ្រាវ និងការផ្ដល់អនុសាសន៍ ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី បានគូសបញ្ជាក់ថា សិក្ខាសាលានេះនឹងត្រូវពិភាក្សាស៊ីជម្រៅ និងពិនិត្យផ្ទៀងផ្ទាត់លទ្ធផលដែលរកឃើញថា តើការអនុវត្តស្ដង់ដាសាលារៀនគំរូបានចូលរួមចំណែកកាត់បន្ថយគម្លាតយេនឌ័រលើលទ្ធផលសិក្សាក្នុងកម្រិតណា ខណៈដែលការសិក្សាស្រាវជ្រាវនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីវិភាគអំពីការអនុវត្តសកម្មភាពនានានៃស្ដង់ដាសាលារៀនគំរូ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាតលទ្ធផលសិក្សារបស់សិស្សប្រុស និងសិស្សស្រី ដែលផ្អែកលើការស្រាវជ្រាវបានបង្ហាញថាសិស្សស្រីទទួលបានលទ្ធផលសិក្សាល្អជាងសិស្សប្រុស។ ការស្រាវជ្រាវនេះអនុវត្តដោយនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្រដោយគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF)៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)




