ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តចំនួន៤ ស្ថិតនៅក្នុងក្រុងកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ — ក្នុងវិស័យព្រះពុទ្ឋសាសនា បុណ្យចូលវស្សា គឺជាបុណ្យដែលពុទ្ធបរិស័ទ ឬសប្បុរសជន រួមទាំងថ្នាក់ដឹកនៃអាជ្ញាធរ តែងតែនាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សងៗមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស។ ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពង់ចាម ក៏បាននាំយកទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តចំនួន៤ ស្ថិតនៅក្នុងក្រុងកំពង់ចាម ក្នុងកំឡុងបុណ្យចូលព្រះវស្សាផងដែរ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ ជាថ្ងៃចូលព្រះវស្សា ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងលោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយកនូវទេយ្យទាន និងទៀនចំណាំព្រះវស្សា ទៅប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន៤ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម រួមមាន វត្ត ខេមវ័នបឹងស្នាយ វត្តបុទុមរតនដីដុះ វត្តសុទស្សនារាម ជ្រោយថ្ម និងវត្តជោតនារាម បឹងកុក ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅវត្តខេមវ័នបឹងស្នាយ ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់សំបួរមាសក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ផន ឯកឧត្តម អ៊ុន ចាន់ដា ព្រមទាំងអស់លោកជាថ្នាក់ដឹកនាំបានធ្វើការ អុជធូប បូជាផ្កាដល់ព្រះបដិមាករ ព្រមទាំងថ្វាយបង្គំព្រះរតនត្រ័យ និងវេរប្រគេនទានព្រះវស្សា និងទ័យវត្ថុដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដើម្បីឧទ្ទិសបួងសួង សុំឱ្យវត្ថុសក្តិសិទ្ឋិ សូមជួយថែរក្សាប្រទេសកម្ពុជា ឱ្យមានភាពរីកចម្រើន មានសន្តិភាព គង់វង្សជានិរន្តរ៍តរៀងទៅអនាគត រួមនឹងបងប្អូនជនជាតិគ្រប់រូប សូមទទួលបាននូវសេចក្តីសុខចម្រើន ពិសេសបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់មក ព្រះសង្ឃក៏បានសូត្រធម៌មានស្ការ ថ្វាយបង្គំ ព្រះរតនត្រ័យ និងប្រោះព្រំឱ្យពរឱ្យជ័យ សេរីសួស្តី ជ័យមង្គលជូនដល់ ឯកឧត្តម លោកជំទាវ និងលោក លោកស្រី ពុទ្ធបរិស័ទ ពិសេស បានឧទ្ទិសកុសលដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាត្តិការទាំង ៧សណ្ដាន ព្រមទាំងឧទ្ទិសបុណ្យកុសលដល់វីរៈយុទ្ឋជន យុទ្ឋនារី ដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ។

តាមទំនៀមទម្លាប់ប្រពៃណីក្នុងព្រះពុទ្ឋសាសនា ក្នុង១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំព្រះវស្សាចំនួន ៣ខែ ក្នុងទីវត្តអារាម ដោយមិនអាចនិមន្តបិណ្ឌបាតទៅទីណាឡើយ។ ដូចនេះ ការនាំនូវទៀនចំណាំងព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ គឺដើម្បីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សាក្នុងត្រីមាសនៅតាមទីវត្តអារាមនានា ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ក៏ដូចជាដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរ ទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរ។

សម្រាប់ជំនឿរបស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ទីវត្តអារាមមិនអាចខ្វះបានឡើយ ព្រោះវាជាទីកន្លែងសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទ សម្រាប់ធ្វើបុណ្យសុំសេចក្តីសុខ និងដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជីដូនជីតា ញាតិការទាំង៧សណ្តានដែលបានបាត់បង់ជីវិតដើម្បី ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរផងនោះ។
ចំពោះទេយ្យទានដែលបានវេ និងប្រគេនជូនដល់ព្រះសង្ឃនេះ ក្នុង ១វត្តទទួលបានទៀនចំណាំព្រះវស្សា ១គូ ព្រមទាំងទេយ្យទាន និងថវិកាបច្ច័យមួយចំនួនទៀត សម្រាប់ទ្រទ្រង់ការប្រើប្រាស់ទៅតាមកិច្ចវត្តអារាមក្នុងរដូវកាលចូលព្រះវស្សានេះ៕
ដោយ៖ ឆាយ ម៉ុត





