ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការថែទាំជាប្រចាំផ្លូវចំនួន ១៥ខ្សែ ប្រវែងសរុប ១១២ ៨៦០ម៉ែត្រ នៅខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការថែទាំជាប្រចាំផ្លូវចំនួន ១៥ខ្សែ ប្រវែងសរុប ១១២ ៨៦០ម៉ែត្រ ក្នុងនោះរួមមាន ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៣ខ្សែ ប្រវែងសរុប ៩១ ៧៦០ម៉ែត្រ ទទឹង ៥ម៉ែត្រ, ៦ម៉ែត្រ និង ៧ម៉ែត្រ ស្ថិតនៅឃុំសេដ្ឋី ឃុំត្បែងខ្ពស់ ឃុំពង្រ ឃុំពានី ឃុំជ្រៃបាក់ ឃុំកំពង់ត្រឡាច ឃុំច្រេស ឃុំតាជេស ឃុំធ្លកវៀន ឃុំខ្នាឆ្មារ និងឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ និងផ្លូវក្រាលល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ២១ ១០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។ ក្នុងការចុះត្រួតពិនិត្យនេះ បានធ្វើឡើង នាថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្ដកំពង់ឆ្នាំង ដោយមានការចូលរួមពីក្រុមការងារ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងនាយកដា្ឋនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងតំណាងអង្គភាពលទ្ធកម្ម និងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម ឈឹម សៅគី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទាំងនេះ ហើយពួកគាត់ក៏បង្ហាញនូវសេចក្តីរំភើបរីករាយដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀតពីរាជ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្ដមបានលើកឡើងថា ការងារថែទាំជាប្រចាំផ្លូវខាងលើនេះ អនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយរក្សាបាននូវគុណភាពផ្លូវល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែង ដែលជាការចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការរស់នៅកាន់តែប្រសើរ។ ឯកឧត្ដមបានបន្ថែមថា ការកសាងផ្លូវនៅតំបន់ជនបទក៏ជាផ្នែកមួយនៃការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ ដើម្បីកែប្រែលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទឱ្យមានជីវភាពកាន់តែប្រសើរ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ចូលរួមថែទាំងផ្លូវទាំងអស់គ្នាឱ្យបានល្អ ដោយត្រូវគាស់កាយ នៅតាមចិញ្ចឹមផ្លូវកុំឱ្យមានការដក់ទឹក ដើម្បីធានានូវគុណភាពផ្លូវសម្រាប់ការប្រើប្រាស់យូរអង្វែង៕




ដោយ៖ គង់ សិរីរ័ត្ន ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ





