អគ្គនាយកអង្គការយូណេស្កូនឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលខាងមុខ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦-- ដើម្បីធ្វើការពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ការត្រៀមរៀបចំទិវាខួបលើកទី៧៥ នៃទំនាក់ទំនង និងសមាជិកភាពរបស់កម្ពុជាក្នុងអង្គការយូណេស្កូ និងការរៀបចំកម្មវិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គនាយកអង្គការយូណេស្កូមកកាន់កម្ពុជានាពេលខាងមុខ ជំនួបមួយបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Flavio Bonetti ប្រធានការិយាល័យ និងជាតំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអង្គការយូណេស្កូ ដែលមានរយៈពេលជាង ៧៥ឆ្នាំមកនេះ ដោយបានលើកឡើងថា អង្គការយូណេស្កូ បាន និងកំពុងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាយ៉ាងសកម្មលើការធ្វើបច្ចុប្បន្នភាពគោលនយោបាយគ្រូបង្រៀន ដើម្បីដាក់បង្ហាញផ្លូវការនាឱកាសទិវាគ្រូបង្រៀន ព្រមទាំងការគាំទ្រដំណាក់កាលអនុវត្តក្របខ័ណ្ឌសមត្ថភាពបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត (ICT/AI) សម្រាប់គ្រូបង្រៀន និង EdTech ខណៈយូណេស្កូបានបន្តគាំទ្រការវាយតម្លៃការសិក្សារបស់សិស្សថ្នាក់បឋមសិក្សាក្រោមកម្មវិធី STEPCam ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំមូលដ្ឋាន (BEEP) ដោយសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួយយុវជនបោះបង់ការសិក្សាឱ្យទទួលបានវិញ្ញាបនបត្រ ព្រមទាំងកម្មវិធីអក្ខរកម្មនៅតាមរោងចក្រផងដែរ។ បន្ថែមលើនេះ លោក Flavio Bonetti ក៏បានលើកឡើងពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកអគ្គនាយកអង្គការយូណេស្កូនាពេលខាងមុខ ដោយយូណេស្កូប្រចាំកម្ពុជាមានបំណងរៀបចំសកម្មភាពពិសេសៗ ដើម្បីរំលេចពីសមិទ្ធផលអប់រំ និងចុះទស្សនកិច្ចសាលារៀនគោលដៅ ព្រមទាំងបើកចំហទទួលយកសំណើ និងអនុសាសន៍ផ្សេងៗពីក្រសួងអប់រំកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ និងអង្គការយូណេស្កូលើកិច្ចការអប់រំជាច្រើននាពេលកន្លងមក ជាពិសេសលើការងារកំណែទម្រង់គ្រូបង្រៀន ដែលជាកម្មវិធីស្នូល និងជាអាទិភាពដ៏សំខាន់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងនឹងរៀបចំរបាយការណ៍សរុបស្ដីពីកំណែទម្រង់គ្រូបង្រៀនដែលគ្របដណ្ដប់លើគ្រប់ទិដ្ឋភាព រួមមាន គោលនយោបាយគ្រូបង្រៀន និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូ ដើម្បីបង្ហាញក្នុងឱកាសទិវាគ្រូបង្រៀន និងជាផ្នែកមួយនៃការប្រារព្ធខួប ៧៥ឆ្នាំ។ ឯកឧត្តម បានរំលេចពីលទ្ធផលជាក់ស្ដែងនៃកិច្ចសហប្រតិបត្តិការ ជាពិសេសកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដែលសមាមាត្រសិស្សពូកែខាងផ្នែកអានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូងបានកើនឡើងជាច្រើនផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





