តំបន់ប្រតិបត្តការសឹករងឧត្ដរមានជ័យបានទទួលអំណោយជាសម្ភារៈ និងថវិកាពីឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណអភិបាលខេត្តឧត្ដរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦-- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ម៉ូ សឿម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានទទួលអំណោយឧបត្ថម្ភ និងការជួយឧបត្ថម្ភគាំទ្រពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។ អំណោយរួមមាន៖ ប៊ីដុងទឹកចំណុះ ៣០លីត្រ ចំនួន ៣០០ប៊ីដុង និងថវិកាឧបត្ថម្ភចំនួន ២,០០០,០០០រៀល ការសាងសង់របងទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ កាលពីថ្មីៗនេះ។

ក្នុងពិធីប្រគល់-ទទួលនាឱកាសនោះ តាងនាមមេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម អភិបាលខេត្ត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ទាំងផ្នែកស្មារតី សម្ភារៈ និងថវិកា។ ការយកចិត្តទុកដាក់នេះ ស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំខេត្ត ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និង ជាតិ សាសនា ព្រះមហាក្សត្រ ។ ជាមួយគ្នានេះ យោធិនទាំងអស់ក៏បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជនឱ្យបានល្អប្រសើរបំផុត។

លោកមេបញ្ជាការក៏បានគោរពជូនពរយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងលោកជំទាវ និងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បវរសួស្តី មហាប្រសើរ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ព្រមទាំងបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោក)





