គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន ចុះសួរសុខទុក្ខ ឯកឧត្តម ថាច់ ផែន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ នៃក្រសួងព័ត៌មានដល់គេហដ្ឋានផ្ទាល់។

សមាសភាពអមដំណើរក្នុងឱកាសនោះ រួមមាន៖ លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក. វិស័យព័ត៌មាន ព្រមទាំងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា និងលេខាធិការដ្ឋាន អ.ន.ក. វិស័យព័ត៌មាន ជាច្រើនរូបទៀត។
ក្នុងឱកាសជំនួបសំណេះសំណាលនេះ លោកជំទាវ ទុយ សិរីរតនៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា។ លោកជំទាវបានគូសបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មានទាំងអស់ តែងតែនឹករលឹក និងចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់ ឯកឧត្តម ថាច់ ផែន ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យមានការរីកចម្រើននាពេលកន្លងមក។

គួរបញ្ជាក់ផងដែរថា សកម្មភាពចុះសួរសុខទុក្ខនាពេលនេះ មិនត្រឹមតែជាការស្តែងឱ្យឃើញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតមន្ត្រីរាជការ និងថ្នាក់ដឹកនាំ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិដោយស្មោះស្ម័គ្រ៕ 
ដោយ ទូច វលក័្ខណ (រូបថត៖លោក ខឹម សុវណ្ណារ៉ា)




