សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វឌ្ឍនភាពនៃក្រុមហ៊ុន Minebea បានបង្ហាញអំពីភាពធន់យ៉ាងច្បាស់របស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា វឌ្ឍនភាពនៃក្រុមហ៊ុន Minebea បានបង្ហាញអំពីភាពធន់យ៉ាងច្បាស់របស់កម្ពុជា ក៏ដូចជាភាពធន់របស់ក្រុមហ៊ុនផ្ទាល់ដែលនៅតែរឹងមាំនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានឧបសគ្គខ្លះ ប៉ុន្ដែមិនបានបណ្ដាលឱ្យក្រុមហ៊ុនជួបនូវផល់ប៉ះពាល់ឡើយ តែផ្ទុយទៅវិញក្រុមហ៊ុននៅតែបន្តវឌ្ឍនភាពទៅមុខបន្ថែមទៀត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកអគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd ព្រមទាំងសហការី ហើយសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការឈរជើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន Minebea នៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏សម្ដែងនូវការពេញចិត្តនៅពេលដែលឃើញក្រុមហ៊ុន Minebea បានពង្រីកនូវការវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន Minebea បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបនៅក្នុងឱកាសនេះ។ លោកបានរម្លឹកថា ជំនួបចុងក្រោយរបស់លោក ជាមួយនឹងសម្ដេចតេជោ គឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដែលពេលនោះមិនទាន់មានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃនៅឡើយទេ។ លោកបានលើកឡើងទៀតថា បើទោះបីជាយ៉ាងណាក៏ដោយ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មានការប៉ះពាល់ខ្លះដល់ការដឹកជញ្ជូន ក៏ប៉ុន្ដែ មិនបានប៉ះពាល់ដល់ដំណើរការនៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Minebea ឡើយ គឺក្រុមហ៊ុននៅតែដំណើរការដោយរលូនជាធម្មតា ដែលបង្ហាញពីភាពធន់មួយរបស់ កម្ពុជា ក្នុងការថែរក្សាអ្នកវិនិយោគ។

លោកអគ្គនាយកក្រុមហ៊ុន Minebea ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ដែលមកដល់ពេលនេះ ក្រុមហ៊ុន បានបើករោងចក្រចំនួនពីរកន្លែងរួចហើយ គឺនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែកក្នុងការបង្កើតការងារ ខណៈក្នុងខេត្តពោធិ៍ក្រុមហ៊ុនកំពុងធ្វើរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។

លោកអគ្គនាយក បានឱ្យដឹងទៀតថា មកដល់ពេលនេះ ក្រុមហ៊ុន Minebea កំពុងតែស្វែងរកឱកាស និងលទ្ធភាពក្នុងការពង្រីកនៅការវិនិយោគរបស់ខ្លួនបន្ថែមទៀត។ លោកបានលើកឡើងទៀតថា បើទោះបីជាមួយរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយពីបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា និងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប៉ុន្ដែសម្រាប់លោកផ្ទាល់ មើលឃើញថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ទុកចិត្ត និងគ្មានការបារម្ភអ្វីនោះឡើយ ខណៈមកដល់ពេលនេះ ក្រុមហ៊ុនរបស់លោកបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាមានរយៈពេលប្រមាណ ១៥ឆ្នាំមកហើយ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយចំពោះរបាយការណ៍ដែលជាវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea, ហើយសម្ដេចក៏បង្ហាញការផ្ញាក់ផ្អើលផងដែរ ដោយសារតែទោះបីជាកម្ពុជា ជួបបញ្ហាជម្លោះព្រំដែនជាមួយថៃ ក៏ប៉ុន្ដែមិនបានធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ និងប្រតិបត្តិការរបស់ក្រុមហ៊ុន Minebea នោះឡើយ។ សម្ដេចតេជោ ក៏បង្ហាញនូវក្ដីរីករាយផងដែរ ដែលក្រុមហ៊ុន Minebea ចង់ពង្រីកលទ្ធភាពលើការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានរំលេចបន្ថែមចំពោះលោកអគ្គនាយក Minebea ថា សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកក្រុមហ៊ុនបានធ្វើការងារជាមួយរដ្ឋាភិបាលដឹកនាំដោយសម្ដេចផ្ទាល់ ហើយពេលនេះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលសុទ្ធសឹងតែជាអ្នកសេដ្ឋកិច្ច។ ដូច្នេះ បរិយាកាសវិនិយោគនៅកម្ពុជាគឺកាន់តែល្អប្រសើរសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ ជឹម ណារី





