ឯកឧត្តម ឌិត ទីណា ចុះពិនិត្យស្ថានភាពស្រូវរងផលប៉ះពាល់ដោយខ្វះទឹកនៅខេត្តបន្ទាយមានជ័យដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងពន្លឿនវិធានការសង្គ្រោះ និងស្តារការផលិតជូនប្រជាកសិករ
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦--ក្នុងគោលបំណងតាមដានដោយផ្ទាល់នូវស្ថានភាពស្រូវរបស់ប្រជាកសិករ ដែលកំពុងរងផលប៉ះពាល់ពីការខ្វះខាតទឹក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យជាក់ស្តែងនៅ ស្រុកភ្នំស្រុក និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃផលប៉ះពាល់ និងពិភាក្សាពីវិធានការជួយសង្គ្រោះបន្ទាន់ជូនប្រជាកសិករ។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កេតឃើញថា តំបន់មួយចំនួនកំពុងប្រឈមនឹងការថយចុះបរិមាណទឹក ដែលប៉ះពាល់ដល់ដំណាំស្រូវនៅដំណាក់កាលលូតលាស់ និងអាចបង្កហានិភ័យដល់ទិន្នផល ប្រសិនបើមិនមានការអន្តរាគមន៍ទាន់ពេលវេលា។ ឯកឧត្តមបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ដើម្បីស្តាប់ដោយផ្ទាល់ពីបញ្ហាប្រឈម ការខ្វះខាតទឹក និងតម្រូវការជាក់ស្តែងក្នុងការបន្តការបង្កបង្កើនផល។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពន្លឿនវិធានការសង្គ្រោះ និងស្តារស្ថានភាពផលិតកម្មកសិកម្មឡើងវិញ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការងារអន្តរាគមន៍នឹងផ្តោតលើការគ្រប់គ្រង និងបែងចែកទឹកឱ្យបានមានប្រសិទ្ធភាព ការប្រើប្រាស់ប្រភពទឹកដែលមានស្រាប់ ការជួសជុល និងស្តារប្រព័ន្ធធារាសាស្ត្រចាំបាច់ ព្រមទាំងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ប្រជាកសិករ ដើម្បីកាត់បន្ថយការខូចខាត និងជួយឱ្យបងប្អូនអាចបន្តការដាំដុះវិញបានឆាប់រហ័ស។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រសួងមិនត្រឹមតែចុះពិនិត្យស្ថានភាពប៉ុណ្ណោះទេ ប៉ុន្តែកំពុងរៀបចំផែនការអន្តរាគមន៍ជាបន្ទាន់ ដោយសហការជាមួយមន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹក និងអាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់តំបន់អាទិភាពដែលត្រូវការទឹក និងជំនួយជាបន្ទាន់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «ការរក្សាបាននូវស្ថិរភាពផលិតកម្មស្រូវ និងជីវភាពប្រជាកសិករ គឺជាអាទិភាពសំខាន់របស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម»។
ប្រជាកសិករនៅក្នុងតំបន់បានសម្តែងការគាំទ្រ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង ដែលបានចុះមកពិនិត្យដោយផ្ទាល់ និងស្វែងរកដំណោះស្រាយជាក់ស្តែង ដើម្បីជួយសង្គ្រោះដំណាំស្រូវ និងបន្តការផលិតក្នុងរដូវវស្សានេះ។

ដំណើរចុះពិនិត្យរបស់ឯកឧត្តម ឌិត ទីណា និងក្រុមការងារ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងកសិកម្ម ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាកសិករ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពវិស័យកសិកម្ម ទោះបីស្ថិតក្នុងបរិបទការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះរាំងស្ងួតក៏ដោយ។ ការសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបានរំពឹងថានឹងជួយពន្លឿនការស្តារស្ថានភាពស្រូវ និងបង្កើនទំនុកចិត្តដល់ប្រជាកសិករ ក្នុងការបន្តបង្កបង្កើនផលឡើងវិញប្រកបដោយប្រសិទ្ធភាព និងចីរភាព។

យោងរបាយការណ៍មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានឱ្យដឹងថាកាលពីដើមសប្តាហ៍ទី៤ខែកក្កដាក្រុមការងារបច្ចេកទេសមន្ទីរ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិ ចុះពិនិត្យស្ថានភាពជាក់ស្តែង និងជំរុញប្រតិបត្តិការបូមទឹកសង្គ្រោះស្រូវប្រជាកសិករចំនួន ៣,៤៧៤ ហិកតា នៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី។ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះស្រូវសែ្រកសិករនេះ បានចាប់ផ្តើមអនុវត្តយ៉ាងសស្រាក់សស្រាំមធ្យោបាយសង្គ្រោះ មន្ទីរបានដាក់ពង្រាយម៉ាស៊ីនបូមទឹកធុនធ្ងន់ និងមធ្យមចំនួន ៩ គ្រឿង ដើម្បីបូមទឹកបញ្ចូលទៅក្នុងស្រែ។វិសាលភាពគ្របដណ្តប់ ប្រតិបត្តិការនេះបានឆ្លើយតប និងគ្របដណ្តប់លើស្រូវសែ្ររបស់ប្រជាកសិកររស់នៅក្នុង ៩ ភូមិ នៃឃុំសំបួរ។គោលការណ៍ច្បាស់លាស់ក្រុមការងារបច្ចេកទេសនឹង បន្តអនុវត្តសកម្មភាពបូមទឹកនេះជារៀងរាល់ថ្ងៃ រហូតដល់ដើមស្រូវរបស់កសិករទទួលបានប្រភពទឹកគ្រប់គ្រាន់ អាចលូតលាស់មាំមួន និងធានាបាននូវការប្រមូលផលនាពេលខាងមុខ៕
ដោយ ឈុន សារ៉ាត





