ក្រសួងអប់រំជូនដំណឹងស្តីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦--ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនមាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយមានការរៀបចំតាមកាលបរិច្ឆេទ និងនីតិវិធីដូចខាងក្រោម៖
១. កាលបរិច្ឆេទសំខាន់ៗ
ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦
ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦
ដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។
២. ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន
ដើម្បីសម្រួលដល់បេក្ខជនក្នុងការពិនិត្យព័ត៌មានប្រឡង ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនចំនួន ២លើកគឺ លើកទី១៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីឱ្យបេក្ខជនពិនិត្យ និងស្វែងរកឈ្មោះតាមមណ្ឌលប្រឡង លើកទី២៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅតាមមណ្ឌលប្រឡង ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុម្តងទៀត។
ជាមួយគ្នានេះ ក្រសួងនឹងផ្សព្វផ្សាយបញ្ជីអក្ខរក្រមបេក្ខជនតាមគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់ក្រសួងចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់បេក្ខជនក្នុងការស្វែងរកឈ្មោះ និងមណ្ឌលប្រឡងជាមុន។
៣. ស្ថិតិបេក្ខជន និងមណ្ឌលប្រឡង
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់) ក្នុងនោះ៖
បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់)
បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ក្នុងមួយបន្ទប់ តាមមណ្ឌលសំណេរនីមួយៗ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស៕


ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)




