មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការអប់រំដែលជោគជ័យ គឺមិនមែនអាស្រ័យតែលើសាលារៀនតែមួយមុខនោះទេ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ពឹង គិមឆេង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការអប់រំដែលជោគជ័យ គឺមិនមែនអាស្រ័យតែលើសាលារៀនតែមួយមុខនោះទេ គឺត្រូវតែមានការចូលរួមពីលោក លោកស្រី ដែលជាមាតាបិតាដែលជាអ្នកអប់រំទី១។ ការលើកឡើងរបស់ឯកឧត្តមអនុរដ្ឋលេខាធិការយ៉ាងដូច្នេះ ក្នុងកម្មវិធីបិទបញ្ចប់ឆ្នាំសិក្សា ចែកវិញ្ញាបនបត្រ និងចែកលិខិតសរសើរជូនគ្រូ និងសិស្សថ្នាក់ចំណេះទូទៅអន្តរជាតិស្តង់ដាអូស្ត្រាលី ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាអន្តរជាតិ វេស្ទលែនដ៍ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីចុងសប្តាហ៍កន្លងទៅនេះ។

បើតាមឯកឧត្តមបណ្ឌិត ការអប់រំចាប់ពីកុមារតូចឡើងទៅគឺជាកិច្ចដ៏សំខាន់បំផុត ដោយលោក លោកស្រី ដែលជាមាតាបិតាដែលជាអ្នកអប់រំទី១ គឺជាអ្នកធ្វើកិច្ចការនេះមុនគេ បន្ទាប់មកគឺសាលារៀន ហើយថា កុមារដែលយើងបានចាប់ផ្តើមអប់រំពួកគេចាប់ពីវ័យក្មេងទៅ គេនឹងទទួលបាននូវអ្វីៗដែលយើងបានផ្តល់ទៅឱ្យពួកគេ ហើយពួកគេនឹងធ្វើតាមភ្លាមៗ។ ដូច្នេះ អ្នកផ្តល់ការអប់រំត្រូវតែបង្ហាញនូវអ្វីៗដែលល្អសម្រាប់ពួកគេ។

ទាក់ទងទៅនឹងវស័យអប់រំនៅកម្ពុជា ឯកឧត្តមបណ្ឌិត ពឹង គិមឆេង មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា ពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការធ្វើកំណែទម្រង់លើវិស័យអប់រំ ដើម្បីការ អប់រំមួយដែលប្រកបដោយគុណភាព បង្កើតបានជាធនធានមនុស្សសម្រាប់យកទៅអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ព្រោះថាប្រទេសជាតិមួយអាចអភិវឌ្ឍន៍ឱ្យរីកចម្រើនទៅបាន គឺអាស្រ័យលើប្រទេសនោះមានធនធានមនុស្សល្អ ពោលគឺមានពលរដ្ឋដែលមានចំណេះដឹងគ្រប់គ្រាន់សម្រាប់យកទៅកសាងប្រទេសជាតិឱ្យជឿនលឿនទៅមុខ។
ដូច្នេះ ដើម្បីបានធនធានមនុស្សល្អ ពោលគឺជាពលរដ្ឋដែលមានចំណេះដឹងគ្រប់គ្រាន់ គឺត្រូវមានការអប់រំ និងការបណ្តុះបណ្តាលខ្ពស់ ក្នុងនោះសាលារៀនទាំងឡាយទោះបីជាសាលារៀនរដ្ឋ ឬជាសាលារៀនឯកជនក្តីសុទ្ធតែមានតួនាទីយ៉ាងសំខាន់ដូចគ្នាក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពទៅដល់សិស្សចាប់ពីថ្នាក់ក្រោមឡើងទៅដល់ថ្នាក់ឧត្តមសិក្សា។

ឯកឧត្តមបានចាត់ទុកការចំណាយប្រាក់កាសរបស់អស់លោក លោកស្រី ដែលជាមាតា បិតា អ្នកអាណាព្យាបាលសិស្សទៅលើការបង់ថ្លៃសិក្សារបស់កូនចៅដែលចាប់ផ្តើមតាំងពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ឧត្តមសិក្សាថាជាការដាក់ប្រាក់វិនិយោគដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់អនាគតកូនចៅរបស់ខ្លួន៕
ដោយ៖ ចាន់ សុភឿន





