អង្គការ NaureLife រកឃើញសំបុកក្រៀលចំនួន៣នៅដែនជម្រកសត្វព្រៃលំផាត់ នាដើមរដូវបន្តពូជ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦-- បើតាមការឱ្យដឹងពីអង្គការ NaureLife នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ថា ជាលទ្ធផលបឋមដ៏គួរឱ្យរីករាយ ក្រុមការងារបានរកឃើញសំបុកសត្វក្រៀលចំនួន០៣សំបុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់គិតត្រឹមខែកក្កដានេះ។ ខណៈដែររដូវបន្តពូជនឹងត្រូវបញ្ចប់នៅក្នុងខែតុលា យើងសង្ឃឹមថាសំបុកថ្មីថែមទៀតនឹងត្រូវបានរកឃើញ។

សូមជម្រាបជូនថា ក្រោមការឧបត្ថម្ភថវិកាពីគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ការស្រាវជ្រាវ អង្កេតតាមដាននិងការពារទីជម្រករបស់សត្វក្រៀលក្នុងដែនជម្រកសត្វព្រៃនេះត្រូវបានចាត់ជាអាទិភាព។ ជាលទ្ធផលក្នុងរយៈពេល៣ឆ្នាំក្រោយយើងបានរកឃើញសំបុករបស់សត្វក្រៀលបានច្រើនជាមុន។ និន្នាការវិជ្ជមាននេះ បានឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពនៃគម្រោងរេដបូក ដែលជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នារវាងអង្គការ មន្ត្រីជំនាញ និងប្រជាសហគមន៍មូលដ្ឋាន។

ដែនជម្រកសត្វព្រៃលំផាត់គឺជាទីជម្រកធម្មជាតិដ៏វិសេស ដែលបាន និងកំពុងផ្ដល់នូវប្រភពចំណី និងទីតាំងដែលមានសុវត្ថិភាពសម្រាប់ការបន្តពូជនៅនៃសត្វក្រៀល (Sarus Crane)។ បន្តពូជនារដូវវស្សា សត្វក្រៀល គឺជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ដែលអាចហោះហើរបាន ហើយបច្ចុប្បន្ន ក៏ជាប្រភេទសត្វដែលកំពុងរងការគំរាមកំហែង និងប្រឈមនឹងការផុតពូជលើសកលលោក (Vulnerable) ផងដែរ។

ចាប់ពីខែមិថុនា ដល់ខែកក្កដា នាដើមរដូវវស្សាឆ្នាំនេះ ទោះជាត្រូវដើរអង្កេតកាត់ភ្លៀង ឆ្លងអូរ សែងម៉ូតូ និងឆ្លងកាត់ផ្លូវភក់ល្បាប់យ៉ាងលំបាកយ៉ាងណាក៏ដោយ ក៏ក្រុមការងារសិក្សាជីវៈចម្រុះនៃ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន បានចុះអង្កេត និងស្វែងរកសំបុកសត្វក្រៀលនៅតាមទីតាំងសំខាន់ៗដែលយើងធ្លាប់បានឃើញវត្តមានរបស់សត្វក្រៀលពីមុនៗ។

សូមចូលរួមការពារសត្វក្រៀល និងដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា ដើម្បីធានានូវអនាគត និងការរស់នៅដោយសុវត្ថិភាពរបស់បក្សីដ៏កម្រនេះ៕
ដោយ ណយ នឿន (ប្រភព៖ NatureLife)





