អត្តពលិករាំកម្ពុជាដណ្តើមបានមេដាយសរុប ៦២គ្រឿង នៅក្នុងការប្រកួតជើងឯកអាស៊ាន នៅប្រទេសម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦--កីឡាករ កីឡាការិនីរាំកម្ពុជាដណ្តើមបានមេដាយសរុប ៦២គ្រឿង ក្នុងនោះមេដាយមាស ១៣គ្រឿង មេដាយប្រាក់២៥ គ្រឿង និងមេដាយសំរឹទ្ធិ ២៤គ្រឿង នៅក្នុងព្រឹត្តិការណ៍ ប្រកួតជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះថា ការប្រកួតទាំងមូលបានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយកីឡាករ កីឡាការិនីកម្ពុជាដណ្តើមបានមេដាយសរុប ចំនួន ៦២គ្រឿង ក្នុងនោះមានមេដាយមាស ១៣គ្រឿង មេដាយប្រាក់ ២៥ គ្រឿង និងមេដាយសំរឹទ្ធិ ២៤គ្រឿង។ ការឈ្នះមេដាយទាំងនេះ គឺកម្ពុជាឈ្នះក្នុងកម្រិតអាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ប៉ុន្តែនេះជាការខិតខំប្រឹងប្រែងរបស់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីរាំកម្ពុជាទាំងអស់រួមគ្នា ដណ្តើមបានសមិទ្ធផលដ៏ធំធេងប្រកបដោយមោទកភាពជាតិ។

គួរបញ្ជាក់ថា ប្រតិភូកីឡារាំកម្ពុជាសរុបមានចំនួន២២នាក់ ដឹកនាំដោយលោកសី បាន សុជាតិ ប្រធានប្រតិភូ អ្នកគ្រូ You Shu Jie ចៅក្រម លោកស៊ូវ តុង ជាគ្រូបង្វឹកធំ លោក សួន កូស៊ុល ជាគ្រូជំនួយ កីឡាករ-កីឡាការិនី ១៨នាក់ ក្នុងនោះកីឡាករ ៨នាក់ និងកីឡាការិនី ១០នាក់។ ប្រតិភូកីឡារាំកម្ពុជាទទួលបានការឧបត្ថម្ភទាំងស្រុងលើការដឹកជញ្ជូនទៅមក តាមជើងហោះហើរដោយក្រុមហ៊ុន Air Asia។ តាមការគ្រោងទុក ប្រតិភូកីឡារាំកម្ពុជាគ្រោងនឹងវិលត្រឡប់មកដល់មាតុប្រទេសវិញ នាវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែកក្កដានេះ៕


ដោយ ហេង ណាលីន (រូបភាព៖ ប្រតិភូកីឡារាំកម្ពុជា)





