ឯកឧត្តម ប៉ុញ សច្ចៈ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលនីតិវិធីគម្រោងថាមពលកកើតឡើងវិញ នៅទំនប់អាងទឹកដូនទ្រី និងទំនប់អាងទឹករក្សា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលបច្ចេកទេស និងនីតិវិធីក្នុងការដំណើរការគម្រោងវិនិយោគភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) លើការអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញ ជាមួយភ្នាក់ងារទឹកកូរ៉េ (K-water) ដែលគ្រោងនឹងរៀបចំឡើងនៅទំនប់អាងទឹកដូនទ្រី ខេត្តបាត់ដំបង និងទំនប់អាងទឹករក្សា ខេត្តព្រះវិហារ។

បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍បឋមស្តីពីគម្រោងវារីអគ្គិសនីខ្នាតតូច ថាមពលព្រះអាទិត្យបណ្តែតទឹក (Floating Solar) និងថាមពលព្រះអាទិត្យលើដី (Ground Solar) នៅលើទីតាំងគម្រោងទាំងពីររួចមក ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យភាគីកូរ៉េពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ជាមុនសិន ខណៈក្នុងដែនកិច្ចការរបស់ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមបានធានាសម្របសម្រួលលើនីតិវិធី និងឯកសារពាក់ព័ន្ធជូន។

ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ និងត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការជាមួយភាគីកូរ៉េ ក៏ដូចជាដៃគូអភិវឌ្ឍន៍ទាំងអស់ដែលមានបំណងវិនិយោគលើវិស័យធនធានទឹក ព្រមទាំងបានស្នើឱ្យភាគីកូរ៉េជួយពិនិត្យឡើងវិញនូវលទ្ធភាពលើគម្រោងចំនួន ១៤ ក្នុងចំណោម ១៦គម្រោង ដែលភាគីកូរ៉េធ្លាប់បានដាក់ជូនកន្លងមក៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





