ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា រំលឹកពីសកម្មភាពនៃថ្ងៃដែលថៃចាប់ផ្តើមឈ្លានពានមកលើកម្ពុជាក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--ក្នុងដំណើរឆ្ពោះទៅការចងចាំថ្ងៃនៃការចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា គម្រប់ខួបមួយឆ្នាំ ដែលនឹងឈានមកដល់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ស្អែកនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកថា៖ “នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបានបង្កហេតុ និងធ្វើសកម្មភាពញុះញង់ជាបន្តបន្ទាប់ជាច្រើនលើក យោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជា ដោយបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាព និងព្រំដែនស្របច្បាប់របស់កម្ពុជា ដោយចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ និងបន្តរីករាលដាលតាមបណ្តោយព្រំដែនកម្ពុជា-ថៃ”។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា អំពើឈ្លានពាននេះមិនមែនជាហេតុការណ៍កើតឡើងដោយចៃដន្យនោះទេ។ ជិតពីរខែមុន ពោលគឺនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានចូលមកក្នុងតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង ហើយបានបាញ់សម្លាប់យោធិនកម្ពុជាម្នាក់ គឺលោក សួន រោន។ ហេតុការណ៍ទាំងនេះបង្ហាញយ៉ាងច្បាស់ពីលំនាំនៃការបង្កហេតុ ការប្រើប្រាស់កម្លាំង និងការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាជាបន្តបន្ទាប់ មុនឈានទៅដល់ការវាយប្រហារទ្រង់ទ្រាយធំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ដូច្នេះ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មិនមែនជាកាលបរិច្ឆេទធម្មតាមួយឡើយ។ វាជាថ្ងៃដែលត្រូវចងចាំ ដើម្បីគោរពដល់ការលះបង់របស់វីរកងទ័ព វីរកងនគរបាលការពារព្រំដែន កងកម្លាំងការពារជាតិ និងប្រជាពលរដ្ឋកម្ពុជា និងដើម្បីរក្សាការពិតនៃប្រវត្តិសាស្ត្រ កុំឱ្យគេបំភ្លៃ និងបំភ័ន្ត។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា កម្ពុជាមិនបានបង្កសង្គ្រាមនោះទេ ប៉ុន្តែកម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារទឹកដី ប្រជាជន និងអធិបតេយ្យភាពរបស់ខ្លួន ប្រឆាំងនឹងរាល់អំពើឈ្លានពានពីខាងក្រៅ។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានចែករំលែកនូវរូបភាពដ៏សោកសៅ នៃអគារមន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម និងទីតាំងស៊ីវិលជាច្រើនទៀត ដែលជាសាក្សីដ៏ឈឺចាប់មួយទៀតដែលបង្ហាញយ៉ាងច្បាស់ពីការវាយប្រហារដោយមិនរើសមុខរបស់យោធាថៃមកលើទឹកដីកម្ពុជា។ ក្នុងអំឡុងសកម្មភាពឈ្លានពានប្រដាប់អាវុធ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់កម្លាំងយោធា សព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំងទម្លាក់គ្រាប់បែកវាយប្រហារលើតំបន់នានាក្នុងទឹកដីកម្ពុជា ដោយមិនខ្វល់ថាទីតាំងទាំងនោះជាទីតាំងស៊ីវិល ជាទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ឬជាមណ្ឌលផ្តល់សេវាសុខាភិបាលសម្រាប់សង្គ្រោះអាយុជីវិតមនុស្សឡើយ។
ការវាយប្រហារទៅលើទីតាំងសាសនា និងតំបន់ស៊ីវិល មិនមែនជាឧបទ្ទវហេតុដោយចៃដន្យនោះទេ ប៉ុន្តែជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីលក្ខណៈមិនរើសមុខ ភាពឃោរឃៅ និងគ្រោះថ្នាក់នៃសកម្មភាពប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃមកលើប្រទេសកម្ពុជា។
វិនាសកម្មនេះ គឺជាស្នាមរបួសមួយក្នុងប្រវត្តិសាស្ត្រ និងជាភស្តុតាងដែលមិនអាចលុបបំបាត់បានថា ការប្រើប្រាស់យន្តហោះចម្បាំង និងអាវុធធុនធ្ងន់លើទឹកដីកម្ពុជា បានឆ្លុះបញ្ចាំងពីចេតនាឈ្លានពាន ការរំលោភអធិបតេយ្យភាព និងការមិនគោរពច្បាប់អន្តរជាតិ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ “គ្រាប់ផ្លោងអាចកម្ទេចអគារមន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម បាន ប៉ុន្តែមិនអាចកម្ទេចសេចក្តីពិត ការចងចាំ និងឆន្ទៈរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព សន្តិភាព និងអនាគតកូនចៅរបស់ខ្លួនបានឡើយ។ កម្ពុជាចងចាំ! ប្រជាជនកម្ពុជាចងចាំ! ហើយប្រវត្តិសាស្ត្រនឹងកត់ត្រាទុកនូវរាល់សកម្មភាពឈ្លានពាន រាល់គ្រាប់បែកដែលបានទម្លាក់ និងរាល់វិនាសកម្មដែលបានបង្កឡើងមកលើទឹកដីកម្ពុជា”។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ យោធាថៃបានបង្កសង្រ្គាមឈ្លានពានដោយកម្រោលមកលើបូរណភាពទឹកដឹកម្ពុជាចំនួនពីរលើក លើកទី១ ចាប់ពីថ្ងៃទី២៤ ដល់ទី២៧ ខែកក្កដា និងលើកទី២ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ៕

ដោយ នីកា





