ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលខេត្តស្តីទី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ដែលបានរៀបចំឡើងនៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម លោកជំទាវ កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និងក្លឹបកម្សាន្តនានាក្នុងខេត្តយ៉ាងច្រើនកុះករផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត តូច ប៉ូលីវ៉ា ក៏បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសគ្រឿងញៀនកន្លងមក និងបានជំរុញឱ្យបន្តអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះឱ្យកាន់តែសកម្ម ដូចភ្លៀងរលឹម ដើម្បីធានាបាននូវ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជូនប្រជាពលរដ្ឋ។

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអំពាវនាវដល់ម្ចាស់អាជីវកម្មកម្សាន្ត និងបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងក្លឹបកម្សាន្តទាំងអស់នៅក្នុងខេត្តត្រូវចូលរួមសហការខ្ពស់ជាមួយអាជ្ញាធរ ដោយមិនត្រូវអនុញ្ញាត ឬបើកដៃឱ្យមានការជួញដូរ រក្សាទុក ឬប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួនដាច់ខាត។ ប្រសិនបើរកឃើញថាមានការលួចលាក់ ឬបណ្តែតបណ្តោយ អាជ្ញាធរនឹងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត រហូតដល់ការបិទអាជីវកម្ម។

លោកអភិបាលរងខេត្ត បានដាស់តឿនដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវចៀសវាងឱ្យ ឆ្ងាយពីគ្រឿងញៀន និងត្រូវចងចាំថា គ្រឿងញៀនបំផ្លាញអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ទន្ទឹមនឹងនោះ លោកគ្រូ អ្នកគ្រូ ត្រូវបន្តអប់រំណែនាំ និងតាមដានសកម្មភាពរបស់សិស្សានុសិស្សជាប្រចាំ ដើម្បីបង្ការកុំឱ្យពួកគេធ្លាក់ក្នុងឧបាយកលនៃគ្រឿងញៀន។

លោកបានបន្តទៀតថា ពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននាពេលនេះ គឺជាសារមួយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការកម្ចាត់គ្រឿងញៀនឱ្យអស់ពីសហគមន៍ និងជាការព្រមានដល់ជនល្មើសទាំងឡាយថា នឹងត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕
ដោយ៖ ម៉ែន ប៊ុនធីម





