ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន IMSG អាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន I.M. Systems Group (IMSG) អាម៉េរិក ដឹកនាំដោយលោកស្រី Imelda Martin-Hum ម្ចាស់ក្រុមហ៊ុន និងជានាយកប្រតិបត្តិ ព្រមទាំងសហការី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Imelda Martin-Hum និងសមាជិកទាំងអស់នៃក្រុមហ៊ុន IMSG និងបានជម្រាបជូនគណៈប្រតិភូពីអាទិភាពចម្បងរបស់ក្រសួង ក្នុងការបន្តពង្រឹងសេវាកម្មឧតុនិយម និងជលសាស្ត្រ ការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធព្យាករណ៍អាកាសធាតុជាតិ ដើម្បីផ្ដល់ជូននូវព័ត៌មានអាកាសធាតុដែលអាចទុកចិត្តបាន និងទាន់ពេលវេលា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ គាំទ្រដល់ផលិតកម្មកសិកម្ម កែលម្អការគ្រប់គ្រងធនធានទឹក កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបង្កើនភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការស្វាគមន៍ចំពោះឱកាសសហការជាមួយក្រុមហ៊ុន IMSG ដើម្បីគាំទ្រចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមទំនើប ដែលធន់នឹងអាកាសធាតុ ដោយផ្តោតលើការពង្រឹងការផ្លាស់ប្តូរឌីជីថល ការកែលម្អការសម្រេចចិត្តដែលផ្អែកលើទិន្នន័យ ការបង្កើនសមត្ថភាពព្យាករណ៍ និងការព្រមានជាមុន និងការកសាងសមត្ថភាពស្ថាប័ន និងបច្ចេកទេសតាមរយៈការផ្ទេរចំណេះដឹង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរអ្នកជំនាញ។

សូមជម្រាបថា ក្រុមហ៊ុន I.M. Systems Group (IMSG) សហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនវិទ្យាសាស្ត្រ និងវិស្វកម្ម ដែលមានជំនាញខាងឧតុនិយមប្រតិបត្តិការ ឧតុនិយមជលសាស្ត្រ ការសង្កេតផែនដី បច្ចេកវិទ្យាភូមិសាស្ត្រ ប្រព័ន្ធព័ត៌មានបរិស្ថាន និងដំណោះស្រាយគាំទ្រការសម្រេចចិត្ត។ ក្រុមហ៊ុន មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគាំទ្រដល់ភ្នាក់ងាររដ្ឋាភិបាលក្នុងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីកែលម្អសេវាកម្មអាកាសធាតុ ការត្រួតពិនិត្យបរិស្ថាន និងភាពធន់នឹងអាកាសធាតុ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





