សហគមន៍ជនជាតិដើមភាគតិចព្រៅ ស្រុកសេសាន ដាំកូនឈើ២៥០០ដើម អបអរសាទរពិធីបុណ្យរុក្ខិវា និងលើកកម្ពស់ការអភិរក្សបរិស្ថាន
AKP ស្ទឹងត្រែង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--ក្នុងឱកាសអបអរសាទរពិធីបុណ្យរុក្ខិវា ៩ កក្កដា ឆ្នាំ២០២៦ សហគមន៍ជនជាតិដើមភាគតិចព្រៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីដាំកូនឈើចំនួន២,៥០០ ដើម នៅតាមខ្នងភ្នំ ទីធ្លាសាលារៀន ទីធ្លាសហគមន៍ និងតាមដងផ្លូវសាធារណៈ ក្រោមអធិបតីភាពលោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសេសាន និងឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង តំណាងឱ្យឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។

កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម និងមានការចូលរួមយ៉ាងសកម្មពីសំណាក់លោក អ៊ុក ចាន់ថង ប្រធានក្រុមប្រឹក្សាស្រុក លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន ព្រមទាំងមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ អង្គការ DPA សហគមន៍ជនជាតិដើមភាគតិចព្រៅ សិស្សានុសិស្ស និងយុវជន សរុបប្រមាណ២៥០នាក់។
ពិធីដាំកូនឈើនេះត្រូវបានរៀបចំឡើងនៅលើភ្នំកាតូត ដែលជាតំបន់មានសក្តានុពលធម្មជាតិ និងមានដើមគគីថ្មវែងជាងគេ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់តំបន់។ កូនឈើដែលបានដាំរួមមានប្រភេទឈើផ្សេងៗ ដែលអាចលូតលាស់ល្អសមស្របនឹងបរិស្ថានតំបន់ភ្នំ និងអាចជួយបង្កើនសមត្ថភាពការពារដី ការរក្សាសំណើម និងការពារប្រព័ន្ធអេកូឡូស៊ី។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឡុង ភិរម្យ បានបញ្ជាក់ថា ពិធីដាំដើមឈើនេះគឺជាការចូលរួមអបអរសាទរពិធីបុណ្យរុក្ខិវា និងជាសកម្មភាពសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ។ លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន និងសិស្សានុសិស្ស បន្តចូលរួមដាំ និងថែរក្សាដើមឈើឱ្យបានល្អ ដើម្បីធានាបាននូវបរិស្ថានស្អាត បៃតង និងចីរភាពសម្រាប់ជំនាន់ក្រោយ។
ជាមួយគ្នានេះ ឯកឧត្តម ស្រ៊ន សំឫទ្ធី ក៏បានលើកឡើងថា សកម្មភាពនេះស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងការពារធនធានធម្មជាតិ។ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីថែរក្សាព្រៃឈើ និងបរិស្ថានធម្មជាតិឱ្យបានល្អប្រសើរឡើង។

កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការលើកស្ទួយចំណេះដឹង និងជំរុញការចូលរួមរបស់សាធារណជន សិស្សានុសិស្ស និងសហគមន៍ ក្នុងការអភិរក្សធនធានធម្មជាតិ តាមរយៈការដាំដើមឈើ ព្រមទាំងពង្រឹងការផ្សព្វផ្សាយអំពីសារៈសំខាន់នៃពិធីបុណ្យរុក្ខិវា។ លើសពីនេះក៏មានគោលបំណងបង្កើតស្មារតីសាធារណៈ និងការចូលរួមគាំទ្រចំពោះបរិស្ថានស្អាត បរិស្ថានបៃតង និងអនាគតប្រកបដោយចីរភាព៕
ដោយ AKP





