គណៈកម្មការជំនាញព្រឹទ្ធសភាប្រជុំផ្ទៃក្នុងដើម្បីបូកសរុបមតិយោបល់លើការពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦-- គណៈកម្មការជំនាញនៃព្រឹទ្ធសភាចំនួនពីរគឺ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង និងគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានជួបប្រជុំផ្ទៃក្នុង ដើម្បីបូកសរុបមតិយោបល់លើការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤ ដើម្បីធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍សម័យប្រជុំព្រឹទ្ធសភាវិសាមញ្ញ។

សេចក្តីព្រាងច្បាប់ទាំង៤នេះ រួមមាន៖ ១. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគី នៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។ ២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។ ៣. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារ និងសំណង់ និង៤. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





