សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាលជំរុញឱ្យស្រ្ដីបន្ដពង្រឹង និងពង្រីកការកសាងសមត្ថភាព ត្រូវបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំ និងចំណេះដឹងផ្នែកឌីជីថល
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦-- សម្តេច ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលជំរុញឱ្យស្រ្ដីបន្ដពង្រឹង និងពង្រីកការកសាងសមត្ថភាព ត្រូវបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំ និងចំណេះដឹងផ្នែកឌីជីថល។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំតាមប្រពន្ធ័ហ្សូម បូកសរុបលទ្ធការងាររបស់សមាគមនារីប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ គ្រប់សាខា ក្រសួង-ស្ថាប័ន និង២៥រាជធានី-ខេត្ត និងតាមប្រព័ន្ធហ្សូម សរុបជាង១០០០ នាក់ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយលើកស្ទួយ និងគាំទ្រស្ត្រីនៅគ្រប់លំដាប់ថ្នាក់ត្រូវបានបន្តរឹតតែពង្រឹងយ៉ាងរឹងមាំ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ សម្តេចធិបតីតែងតែបានគូសបញ្ជាក់យ៉ាងច្បាស់អំពីការបង្កើនកលានុវត្តភាពដល់ស្ត្រី ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសមត្ថភាពឌីជីថល សេដ្ឋកិច្ចរបស់ស្ត្រី ព្រមទាំងការការពារសិទ្ធិ សុខុមាលភាពស្ត្រី និងកុមារនៅគ្រប់កាលៈទេសៈ។

ដើម្បីប្រែក្លាយអនុសាសន៍ដឹកនាំឱ្យក្លាយទៅជាលទ្ធផលជាក់ស្តែង សម្រាប់ទិសដៅអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦នេះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានស្នើឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍គ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួន៖ ១. ពង្រឹង និងពង្រីកការកសាងសមត្ថភាពស្ត្រី ត្រូវបន្តរៀប ចំវគ្គបណ្តុះបណ្តាលជំនាញ ភាពជាអ្នកដឹកនាំ និងចំណេះ ដឹងផ្នែកឌីជីថល ដល់បណ្តាញស្ត្រីនៅមូលដ្ឋាន ដើម្បីរៀបចំស្ត្រីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែង និងឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ។ ២. បន្តពង្រឹងបណ្តាញសមាគមនៅថ្នាក់មូលដ្ឋាន៖ ចុះជាប់ជាមួយប្រជាពលរដ្ឋ ជាពិសេស ស្ត្រី និងកុមារងាយរងគ្រោះ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា និងរួមចំណែកលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស។ ៣. រក្សាសាមគ្គីភាព និងកិច្ចសហការ៖ ពង្រឹងកិច្ចសហការល្អជាមួយអាជ្ញា ធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ ដើម្បីឱ្យសកម្មភាពរបស់សមាគមប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ ៤. ស្ត្រីនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំអនុវត្តសម្រេចឱ្យបាននូវជោគជ័យនៃសេចក្តីសម្រេច ផែនការសកម្មភាពរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី ដើម្បីចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ៕

ដោយ សួស សំរិត





