វិទ្យាស្ថាន NIB ផ្ដល់អាហារូបករណ៍ជាង ១ពាន់កន្លែងដែលមាន ១០មុខ ជំនាញសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៦--វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ជូនឱកាសអាហារូបករណ៍សរុប ១ ០៣៥ កន្លែង ដែលមាន ១០មុខជំនាញ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិ ភ័យ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធី ១.៥លាននាក់ (TVET 1.5M)ផងដែរ។

បើតាមវិទ្យាស្ថាន NIB បានឱ្យដឹងថា ជំនាញទាំង ១០នោះរួមមាន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, សេវាកម្មអតិថិជន, ការដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល, ការដំឡើង និងថែទាំបណ្តាញកុំព្យូទ័រ, ការបង្កើតអាជីវកម្ម និងសហគ្រិនភាព, សេវាកម្មលក់អនឡាញ, ការផលិតនំ, និងធុរកិច្ចភេសជ្ជៈ។
ដើម្បីទទួលបានអាហារូបករណ៍សិក្ខាកាមត្រូវបំពេញលក្ខខណ្ឌដូចជា ត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ញាតខ្មែរ ឬសំបុត្រកំណើត។ លើសពីនេះ សិក្ខាកាម នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែប្រសិនជាមានភ្ជាប់មកជាមួយនិងបណ្ណសមធម៌ (បណ្ណក្រីក្រកម្រិត១ ឬកម្រិត២) ឬមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។

វិទ្យាស្ថានគ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់នៅដើមខែសីហានេះ និងចាប់ផ្ដើមបើកចុះឈ្មោះចាប់ពីថ្ងៃដែលជូនដំណឹងនេះតទៅ ដោយសិក្ខាកាម អាចធ្វើការទំនាក់ទំនងទៅចុះឈ្មោះតាមរយៈលេខទូរសព្ទ ០៦៩ ៦០៦ ៥៧២/ ០១២ ៨៥៣ ០៣០ ឬទៅចុះឈ្មោះនៅទីតាំងរបស់វិទ្យាស្ថានផ្ទាល់ដែលស្ថិតនៅលើផ្លូវ ២១៧(សម្ដេចមុន្នីរ៉េត) ជាប់ផ្សារស្ទឹងមានជ័យថ្មី រាជធានីភ្នំពេញ។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





