ក្រសួងមហាផ្ទៃកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៩ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈប្រព័ន្ធវីដេអូនិម្មិត
AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ស៊ វរិន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងជាតិនៃបណ្តាញទីក្រុងឆ្លាតអាស៊ានរបស់កម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៩ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន តាមរយៈប្រព័ន្ធវីដេអូនិម្មិតជាមួយនឹងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ក្រោមការរៀបចំដោយប្រទេសហ្វីលីពីន ប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦។

ដោយឡែក ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងរដ្ឋបាលរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៩ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ានតាមរយៈប្រព័ន្ធវីដេអូនិម្មិតនេះ ឯកឧត្តម ស៊ វរិន បានគូសបញ្ជាក់ថា កម្ពុជាបន្តពង្រឹងរបៀបវារៈទីក្រុងឆ្លាតរបស់ខ្លួនអនុលោមតាមគោលដៅអាទិភាពការអភិវឌ្ឍជាតិ តាមរយៈការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការប្រើប្រាស់ឌីជីថលក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយអភិបាលកិច្ច និងនវានុវត្តន៍ សំដៅលើកកម្ពស់ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈឱ្យកាន់តែប្រសើរ ឆ្លើយតប មានភាពធន់ ចីរភាព និងបរិយាប័ន្នដោយផ្តោតលើប្រជាជន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





