ស្នងការនគរបាលខេត្តបាត់ដំបង៖ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ កងកម្លាំងនគរបាលទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានលើកឡើងថា គ្រប់ពេលវេលា គ្រប់កាលៈទេសៈ កងកម្លាំងនគរបាលទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងពេលជួបគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្រ្តាក់ ឬគ្រោះអគ្គិភ័យដែលកើតមានក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ការលើកឡើងរបស់ស្នងការនគរបាលខេត្តបាត់ដំបងបែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំកងកម្លាំងនគរបាលគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បន្តថា កិច្ចការនេះគឺអនុវត្តន៍ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការក៏បានលើកសរសើរចំពោះទឹកចិត្តរបស់កងកម្លាំងនគរ បាលទាំងអស់ដែលបានខិតខំនាពេលកន្លងមកទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងពិធីពិព័រណ៍ផ្លែឈើបាត់ដំបងរយៈពេល១០ថ្ងៃ និងកិច្ចអន្តរាគមន៍ជួយសង្រ្គោះ និងសម្របសម្រួលនៅមូលដ្ឋាន ក្នុងពេលជំនន់ទឹកភ្លៀងកើតមាននាប៉ុន្មានថ្ងៃកន្លងមកលើភូមិសាស្រ្តស្រុកមួយចំនួន ដោយកងកម្លាំងនគរបាលបានចូលរួមយ៉ាងសកម្មផុលផុសជាមួយអាជ្ញាធរ កម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ហើយពីពេលនេះទៅមុខកងកម្លាំងនគរបាលនៅតែត្រៀមលក្ខណៈជាប់ជាប្រចាំប្រកបដោយការបំពាក់មធ្យោបាយ សម្ភារសម្រាប់កិច្ចការដ៏មានសារៈសំខាន់ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងមូល៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)





