សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យផ្តល់ផ្ទះ ៣ខ្នង និងស្បៀងអាហារ ប្រគល់ជូនពលរដ្ឋទ័លក្ររងគ្រោះធម្មជាតិនៅស្រុកព្រះនេត្រព្រះ និងមង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ — ជនរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាតខ្លាំងចំនួន ៣គ្រួសារ នៅក្នុងស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី ទទួលបានផ្ទះគ្រោងដែកថ្មីស្រឡាងម្នាក់មួយខ្នងពីកាកបាទក្រហមកម្ពុជា ដើម្បីតាំងទីលំនៅជាថ្មីឡើងវិញ បន្ទាប់ពីផ្ទះចាស់ត្រូវខូចខាតទាំងស្រុង។
ពិធីប្រគល់ផ្ទះមនុស្សធម៌នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុរាត្រី រួមជាមួយលោកជំទាវ នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសសាខា ព្រមទាំងមានការចូលរួមពីក្រុមការងារចលនាមនុស្សធម៌គ្រប់ជាន់ថ្នាក់ យុវជន និងអ្នកស្ម័គ្រចិត្តភូមិ-ឃុំជាច្រើនរូប។

នៅក្នុងឱកាសដ៏រំភើបនោះ ឯកឧត្តម អ៊ុ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ឯកឧត្តម ឌិត ទីណា ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្តេចប្រធានតែងតែគិតគូរ និងតាមដានពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ដែលនេះស្តែងចេញយ៉ាងច្បាស់ពីស្មារតីនៃប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះភាពរស់រវើកនៃកិច្ចសហការគ្នាដ៏រឹងមាំរវាងបណ្តាញក្រុមការងារចលនាមនុស្សធម៌គ្រប់ជាន់ថ្នាក់ ដែលធ្វើឱ្យសកម្មភាពជួយសង្គ្រោះរបស់សាខាខេត្តអនុវត្តទៅបានលឿនរហ័ស និងចំគោលដៅពិតប្រាកដ ចំពោះជនរងគ្រោះដែលកំពុងត្រូវការជំនួយដោះស្រាយបន្ទាន់។

ទន្ទឹមនឹងការផ្តល់ផ្ទះថ្មី ឯកឧត្តម អ៊ុ រាត្រី ក៏បានដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាព ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីជំងឺឆ្លង និងជំងឺមិនឆ្លងផ្សេងៗ ដែលអាចយាយីដល់អាយុជីវិត និងទ្រព្យសម្បត្តិគ្រួសារ។
ដើម្បីជួយសម្រាលទុក្ខលំបាក និងផ្តល់ដើមទុនក្នុងជីវភាពរស់នៅឡើងវិញ ជំនួយមនុស្សធម៌ត្រូវបានបែងចែកសម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៣គ្រួសារ (គ្មានលទ្ធភាពសាងសង់ផ្ទះ) ទទួលបានផ្ទះគ្រោងដែកម្នាក់ ១ខ្នង សម្ភារៈដំណេក ១ឈុត សម្ភារៈផ្ទះបាយ ១ឈុត អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ព្រមទាំងថវិកាមួយចំនួន។ សម្រាប់គ្រួសារងាយរងគ្រោះផ្សេងទៀតចំនួន ៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន សារុង ១ ក្រមា ១ និងថវិកាមួយចំនួនផងដែរ។

កាយវិការមនុស្សធម៌ដ៏ទាន់ពេលវេលានេះ មិនត្រឹមតែជាការផ្តល់ជម្រកដ៏កក់ក្តៅ និងមានសុវត្ថិភាពឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវក្តីសង្ឃឹម និងការលើកទឹកចិត្តយ៉ាងធំធេងដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកឱ្យមានកម្លាំងចិត្តបន្តកសាងជីវភាពជាថ្មីក្រោមដំបូលនៃសុខសន្តិភាព៕
ដោយ៖ ឈុន សារ៉ាត





