ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ នៃគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារ KOICA នៅកម្ពុជា តាមរយៈគម្រោង “កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា” បានរៀបចំពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ក្នុងគោលបំណងដើម្បីបង្ហាញវឌ្ឍនភាព និងបទពិសោធន៍នៃការសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់គ្រូបង្រៀន និងសិស្សានុសិស្សសាលាគោលដៅរបស់គម្រោង។

ពិព័រណ៍នេះធ្វើឡើងនៅបីទីតាំង រួមមាន បន្ទប់កុំព្យូទ័រ បណ្ណាល័យ និងសាលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល ដោយមានគ្រូបង្រៀនមុខវិជ្ជា ICT និងសិស្សានុសិស្ស នៃសាលារៀនគោលដៅទាំង២០ គរុសិស្សដែលកំពុងសិក្សានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម កណ្ដាល តាកែវ និងព្រៃវែងសរុបចំនួន ១៦០នាក់ ស្រី ៧៤នាក់បានចូលរួម។ កម្មវិធីនេះក៏មានការប្រកួតប្រជែងដោយបែងចែកជាពីរក្រុមគឺក្រុមសិស្ស៖ ប្រកួតលើបីកម្មវិធីរួមមាន Open Office (Writer & Calc) និងកម្មវិធី Scratch និងក្រុមគ្រូបង្រៀន ICT៖ ផ្តោតលើការធ្វើបទបង្ហាញឧត្តមានុវត្តន៍នៃវិធីសាស្រ្តបង្រៀនមុខវិជ្ជា ICT ដែលការប្រកួតប្រជែងនេះធ្វើឡើងក្រោមគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ដោយគម្រោងមានគោលបំណងលើកកម្ពស់គុណភាពការបណ្តុះបណ្តាលគ្រូមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារមនាគមន៍ (ICT) និងការអប់រំមធ្យមសិក្សាបឋមភូមិផ្តោតលើ ១.ការកែលម្អបរិយាកាសបង្រៀនសម្រាប់គរុនិស្សិត និងគ្រូឧទ្ទេសនៅមជ្ឍមណ្ឌលគរុ កោសល្យភូមិភាគ ២.ការអភិវឌ្ឍកម្មវិធីសិក្សាមុខវិជ្ជា ICT និងសម្ភារឧបទេស ៣.កម្មវិធី កសាងសមត្ថភាពគ្រូឧទ្ទេស និងគ្រូតាមសាលារៀនគោលដៅ ៤.ការកែលម្អបរិយាកាសសិក្សាសម្រាប់សិស្ស និងគ្រូនៅតាមសាលារៀនគោលដៅ ៥.ការអភិវឌ្ឍកម្មវិធីសិក្សាមុខវិជ្ជា ICT និងសៀវភៅសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ និង ៦.ការពង្រឹងកម្មវិធីគាំទ្រការអប់រំមុខវិជ្ជា ICT៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





