អង្គការ MCC៖ ត្រី Blackspot Razorfish ត្រូវបានកត់ត្រាវត្តមានជាផ្លូវការជាលើកដំបូងនៅក្នុងដែនសមុទ្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--អង្គការ MCC នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញប្រភេទត្រីថ្មីមួយសម្រាប់ប្រទេសកម្ពុជា គឺត្រី Blackspot Razorfish (Iniistius evides) ដែលត្រូវបានកត់ត្រាវត្តមានជាផ្លូវការជាលើកដំបូងនៅក្នុងដែនទឹកសមុទ្រនៃប្រទេសកម្ពុជា។

ការកត់ត្រាទុកនេះ បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយអំពីប្រភេទពូជត្រីថ្មីនេះឱ្យបានកាន់តែទូលំទូលាយ និងជួយលើកកម្ពស់ការយល់ដឹងរបស់យើងអំពីជីវៈចម្រុះនៃប្រភេទត្រីសមុទ្រនៅក្នុងប្រទេស។ អង្គការអភិរក្សសមុទ្រកម្ពុជា MCC បានចូលរួមក្នុងការបោះពុម្ពផ្សាយនេះ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តជាមួយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយរួមបញ្ចូលគ្នារវាងការស្រាវជ្រាវ ការចំណាត់ថ្នាក់ត្រី និងការបណ្តុះបណ្តាលនិស្សិត ដើម្បីជំរុញចំណេះដឹងអំពីប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់កម្ពុជាឱ្យកាន់តែរីកចម្រើន។

សូមចូលរួមអបអរសាទរចំពោះប្អូនប្រុស កែ ភារ៉ា ដែលជាសិស្ស និងជាអ្នកចងក្រងចម្បងក្នុងការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវជាលើកដំបូងរបស់ខ្លួនដែលត្រូវបានត្រួតពិនិត្យដោយអ្នកជំនាញ។ ព្រមទាំងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ ឈួយ សំអុល និងលោកព្រឹទ្ធបុរស ង៉ោ ប៉េងប៊ុន សម្រាប់ការគាំទ្រ និងការចាប់អារម្មណ៍ក្នុងការរួមការងារជាមួយអ្នកស្រាវជ្រាវរបស់អង្គការអភិរក្សសមុទ្រកម្ពុជា គឺលោក Sebastián Muñoz-Duque ៕
ដោយ ណយ នឿន (ប្រភព៖MCC)





