មន្ទីរសុខាភិបាល បើកយុទ្ធនាការឆ្លើយតប និងបង្ការជំងឺគ្រុនឈាម គ្រុនឈីក
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--ក្រុមការងារ នៃ កម្មវិធីគ្រុនឈាមរបស់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦បានបើកយុទ្ធនាការឆ្លើយតបទៅនឹងជំងឺគ្រុនឈាម គ្រុនឈីកនៅមណ្ឌលសុខភាពចំនួនពីរ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ដោយអនុវត្តពង្រឹងការងារ និងដាក់ផែនការយុទ្ធ នាការ ៣០ថ្ងៃ ជាមួយមណ្ឌលសុខភាពអូរឧក ញ៉ាហេង និងមណ្ឌលសុខភាពអូរជ្រៅ ស្រុកព្រៃនប់ លើការងារអង្កេត និងឆ្លើយតបករណីគ្រុនឈាម និងគ្រុនឈីក។

យុទ្ធនាការឆ្លើយតបតាមខ្នងផ្ទះ ដោយចុះអង្កេត និងចុះបាញ់ថ្នាំសម្លាប់មូសខ្លានៅតាមផ្ទះដែលមានករណីជំងឺក្នុងភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង។

ការចុះបាញ់ថ្នាំការពារក្នុងសាលារៀន ជាពិសេសចុះអប់រំផ្សព្វផ្សាយ ណែនាំនូវវិធានការបង្ការ ទប់ស្លាត់មួយចំនួន និងបាញ់ថ្នាំសម្លាប់មូសខ្លា នៅតាមសាលាបឋមសិក្សាអូរចំណារផងដែរ។

យុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសខ្លា និងអនុវត្ត នៅតាមភូមិ តាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួន ដែលមានការសង្ស័យថា មានករណីជំងឺគ្រុនឈាម គ្រុនឈីកកើតមានឡើង ដើម្បីបង្កា ទប់ស្កាត់ជំងឺគ្រុនឈាម និងគ្រុនឈីក ៕

ដោយ ងូ សុមុនី





