ក្រសួងកិច្ចការនារី បើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស CMAA និង CMAC
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--ក្រសួងកិច្ចការនារី បានសហការជាមួយអាជ្ញាធរមីន (CMAA) ដោយមានការគាំទ្រពីអង្គការ NPA បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «គោលគំនិតយេនឌ័រ និងការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារីបាននិងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការបញ្ជ្រាបយេនឌ័រត្រូវបានអនុវត្តយ៉ាងសកម្មក្នុងគ្រប់វិស័យ។ វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី តាមរយៈការធ្វើឱ្យវិស័យសកម្មភាពមីនឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន។

ជាលទ្ធផល សិក្ខាកាមសរុបចំនួន ២៨ រូប (ក្នុងនោះមានស្ត្រី ១៩ រូប) ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអាជ្ញាធរមីន (CMAA) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ទទួលបានចំណេះដឹងសំខាន់ៗរួមមាន៖
- ការយល់ដឹងអំពីគោលគំនិត តួនាទី តម្រូវការយេនឌ័រ ព្រមទាំងក្របខ័ណ្ឌច្បាប់ និងគោលនយោបាយពាក់ព័ន្ធ។
- ការផ្សារភ្ជាប់របៀបវារៈស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ» មកអនុវត្តជាក់ស្តែងក្នុងវិស័យសកម្មភាពមីន។
· ការកសាងសមត្ថភាពច្បាស់លាស់ក្នុងការវិភាគ និងបញ្ជ្រាបយេនឌ័រចូលទៅក្នុងគោលនយោបាយ និងផែនការសកម្មភាពមីនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

វគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃនេះ បានបិទបញ្ចប់ទៅដោយជោគជ័យ ដោយសិក្ខាកាមទាំង ២៨ រូប ក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមជាផ្លូវការផងដែរ៕

ដោយ ទូច វលក័្ខណ (ប្រភព៖ក្រសួងកិច្ចការនារី)





